តើហេតុអ្វីបានជាខ្ញុំធាត់មិនព្រមស្រក និងធាត់ទៅៗ?

ជាទូទៅ មនុស្សធាត់ភាគច្រើនសុទ្ធតែដឹងថា ការទទួលទានជាតិផ្អែម និងកាឡូរី (ខ្លាញ់)ច្រើន និងកង្វះលំហាត់ប្រាណ ជាមូលហេតុធ្វើឱ្យពួកគេឡើងទម្ងន់ និងដុះក្បាលពោះ។ តែហេតុផលទាំងនេះពុំទាន់គ្រប់គ្រាន់នៅឡើយទេ ជាក់ស្ដែង តើអ្នកធ្លាប់ឆ្ងល់ទេ តើហេតុអ្វីបានជាអ្នកធាត់មិនព្រមស្រក និងខ្លាញ់ក្បាលពោះកាន់តែធំទៅៗពីមួយថ្ងៃទៅមួយថ្ងៃ?

ខាងក្រោមនេះជាហេតុផលទាំង ៧ យ៉ាងដែលធ្វើឱ្យអ្នកឡើងទម្ងន់ពីមួយថ្ងៃទៅមួយថ្ងៃដោយមិនស្រកសោះ៖

១. ផឹកទឹកពុំបានគ្រប់គ្រាន់៖ បើសិនជាអ្នកផឹកទឹកពុំបានគ្រប់គ្រាន់ក្នុងមួយថ្ងៃ វានឹងធ្វើឱ្យប៉ះពាល់ដល់ការរំលាយអាហារ ជាហេតុធ្វើឱ្យអាហារនៅសេសសល់បង្កទៅជាខ្លាញ់ ទើបបណ្ដាលឱ្យយើងឡើងទម្ងន់។

២. បរិភោគអាហារពេលព្រឹកតិច និងពេលយប់ច្រើន៖ ក្នុងករណីដែលអ្នកបរិភោគអាហារពេលព្រឹកមិនបានទៀងទាត់ ឬបរិភោគតិចតួចណាស់ វាជាមូលហេតុមួយក្នុងចំណោមមូលហេតុដទៃទៀតដែលធ្វើឱ្យឡើងទម្ងន់ ហើយបើសិនជាអ្នកបរិភោគអាហារច្រើននៅពេលយប់ជ្រៅទៀតនោះ វានឹងរឹតតែធ្វើឱ្យអ្នកឡើងទម្ងន់កាន់តែខ្លាំងថែមទៀត។

៣. ចំណីអាហារ និងភេសជ្ជៈ៖ អាហារសម្បូរជាតិផ្អែម និងជាតិកាឡូរី (ខ្លាញ់) បូករួមទាំងទម្លាប់ខុសឆ្គងដូចជាញ៉ាំបណ្ដើរធ្វើនេះធ្វើនោះបណ្ដើរ ការពិសាគ្រឿងស្រវឹងច្រើនពេក និងពិសាញឹកញាប់ពេក និងពិសាភេសជ្ជៈជាតិផ្អែមច្រើនពេកក្នុងមួយថ្ងៃ សុទ្ធតែជាមូលហេតុធ្វើឱ្យទម្ងន់ខ្លាំងឡើងៗ។ ជាពិសេសទៅទៀតនោះ អ្នកនឹងឡើងទម្ងន់កាន់តែខ្លាំង ប្រសិនបើអ្នកបរិភោគជាតិផ្អែម ដូចជា ភេសជ្ជៈ និងបង្អែមនៅពេលយប់ជ្រៅ បូករួមទាំងអ្នកបរិភោគអាហារពេលយប់រួចរាល់ហើយក៏ចូលគេងភ្លាមៗ ដោយមិនបានទុកពោះឱ្យស្រករយៈពេល ២ ម៉ោងសិន មុននឹងចូលគេង។

៤. អង្គុយយូរពេក៖ ការអង្គុយយូរពេញមួយថ្ងៃ ដោយពុំបានងើបពត់ខ្លួន ឬងើបធ្វើចលនារាងកាយសោះ វានឹងធ្វើឱ្យកើនជាតិស្ករក្នុងខ្លួនបណ្ដាលឱ្យឡើងទម្ងន់។ យល់ល្អ អ្នកគួរតែងើបពត់ខ្លួនក្នុងរយៈពេលកន្លះម៉ោង ទៅ ១ ម៉ោងម្ដង។

៥. គេងមិនគ្រប់គ្រាន់ និងគេងជ្រុល៖ ផលប៉ះពាល់នៃការគេងតិចជាង ៧ ម៉ោង និងគេងលើសពី ១០ ម៉ោងក្នុងមួយថ្ងៃ សុទ្ធតែជាមូលហេតុធ្វើឱ្យអ្នកឡើងទម្ងន់។

៦. មិនបានហាលថ្ងៃ៖ ក្នុងមួយថ្ងៃ អ្នកគួរតែចំណាយពេលហាលថ្ងៃឱ្យបានគ្រប់គ្រាន់ ដើម្បីបង្កើនវីតាមីនដេ និងដុតជាតិខ្លាញក្នុងខ្លួន។ បើសិនជា អ្នកហាលថ្ងៃពុំបានគ្រប់គ្រាន់នោះទេ សារជាតិក្នុងចំណីអាហារដែលអាចធ្វើឱ្យអ្នកធាត់បាន ពុំត្រូវបានដុតបំផ្លាញចោលឡើយ។

៧. កង្វះការហាត់ប្រាណ៖ រាងកាយរបស់មនុស្សយើងចាំបាច់ត្រូវមានសកម្មភាពឱ្យបានគ្រប់គ្រាន់ជាប្រចាំថ្ងៃ ដើម្បីបញ្ចេញជាតិពុល ដុតជាតិខ្លាញ់ បង្កើនភាពរហ័សរហួន និងរឹងមាំដល់រាងកាយ ទើបអាចទប់ស្កាត់ភាពធាត់ និងធ្វើឱ្យសុខភាពល្អ។ បើសិនជាអ្នកធាត់ស្រាប់ហើយ ហើយមិនសូវលេងកីឡាទៀតនោះ វាមិនត្រឹមតែមិនអាចធ្វើឱ្យអ្នកស្គមបាននោះទេ តែអ្នកនឹងឡើងទម្ងន់កាន់តែខ្លាំង៕

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top