ការមើលថែទាំសុខភាពខណៈតាំងគភ៌ក្នុងអំឡុងពេលជិតប្រសូត ស្ត្រីមានគភ៌អាចនឹងមានអារម្មណ៍ធុញថប់តានតឹង និងកង្វល់ក្នុងចិត្តជាច្រើនរឿង តែរឿងនេះលោកប្តីអាចជួយបាន។ ថ្ងៃនេះមានគន្លឹះល្អៗក្នុងការមើលថែភរិយាដែលមានផ្ទៃពោះគ្រប់ខែជិតប្រសូត 9ចំណុចងាយៗ ដែលស្វាមីអាចធ្វើបានយ៉ាងពិតប្រាកដ។
ចំណីអាហារ ៖ ស្វាមីត្រូវមើលថែទាំរឿងអាហារការហូបចុកសម្រាប់ភរិយាមានគភ៌តាំងពីអំឡុងពេលដំបូងៗ ជាពិសេសការជួយឱ្យភរិយាបានញ៉ាំអាហារគ្រប់5ប្រភេទក្រុមយ៉ាងគ្រប់គ្រាន់ ហើយក្នុងអំឡុងត្រីមាសចុងក្រោយ ត្រូវមើលថែទាំរឿងអាហារយ៉ាងស័ក្តិ-សម ព្រោះអំឡុងពេលចុងក្រោយនៃការតាំងគភ៌ ស្ត្រីមានគភ៌ត្រូវប្រយ័ត្នរឿងទម្ងន់ខ្លួនឡើងខ្លាំងជ្រុល។ គួរញ៉ាំអាហារដែលស្អាត ប្រយ័ត្នមេរោគ និងការឆ្លងមេរោគ រឹតតែបើឆ្លងមេរោគខាងផ្លូវអាហារផងនោះ វាអាចនឹងជំរុញឱ្យប្រសូតមុនកំណត់បាន។
ការហាត់ប្រាណ ៖ មុនពេលប្រសូតស្ត្រីមានគភ៌អាចមិនសូវជាស្រួលសប្បាយខ្លួនប៉ុន្មានឡើយ តែក៏នៅតែអាចហាត់ប្រាណស្រាលៗ ដើម្បីសម្រាលអាការចុករួយបានដែរដោយស្វាមីអាចនឹងហាត់ប្រាណកំដរជាមួយ ឬនៅចាំធ្វើម៉ាស្សាខ្នងផ្នែកខាងក្រោម ធ្វើម៉ាស្សា-កស្មា ដើម្បីសម្រាលភាពតានតឹងរបស់សាច់ដុំ ជួយត្រៀមទឹកក្តៅឧណ្ហៗសម្រាប់ត្រាំបាតជើង ធ្វើម៉ាស្សាជើង ក៏នឹងជួយកាត់បន្ថយអាការហើមជើងរបស់ភរិយាបានយ៉ាងល្អដែរ។
នៅចាំសង្កេតមើលអាការខុសប្រក្រតីដែលត្រូវប្រញាប់នាំទៅមន្ទីរពេទ្យ ៖ ស្ត្រីមានគភ៌ថ្មីថ្មោងដែលនៅមិនទាន់មានបទពិសោធ ត្រូវអាស្រ័យការសង្កេតមើលពីសំណាក់ស្វាមីផងដែរ ដោយអាការខុសប្រក្រតីដែលបញ្ជាក់ប្រាប់អំពីការប្រសូតមានដូចជា ពោះឡើងរឹង ឈឺពោះជិតប្រសូត និងបែកទឹកភ្លោះជាដើម។ ស្វាមីអាចប្រឹក្សាជាមួយគ្រូពេទ្យឱ្យដឹងច្បាស់ថា តើអាការបែបណាទើបហៅថា បែកទឹកភ្លោះ ឬមានទឹករំអិលឈាមចេញតាមរន្ធស្បូន បញ្ជាក់ពីសភាវដែលមាត់ស្បូនបើកជាដើម។ ក្រៅពីនេះស្វាមីត្រូវនៅចាំសង្កេតមើល បើកូនក្នុងផ្ទៃមិនសូវរើ ឬមិនរើតែម្តង ឬភរិយាមានអាការខុសប្រក្រតីពាក់ព័ន្ធនឹងរោគជ្រៀតជ្រែក ឬជំងឺប្រចាំកាយផង ព្រោះអំឡុងពេលចុងក្រោយរបស់ការមានគភ៌នេះមានភាពប្រថុយប្រថានខ្ពស់ ការប្រែប្រួលខាងរាងកាយ ឬអ័រម៉ូនប្រែប្រួល បើរោគទាំងនោះកម្រើកឡើងអាចហុចផលប៉ះពាល់ដល់ជីវិតរបស់ភរិយា និងកូនបាន។
យកចិត្តទុកដាក់យ៉ាងល្មមសមរម្យ ៖ ក្រៅពីនៅចាំសង្កេតមើលអាការខុសប្រក្រតីហើយនោះ គួរសួរនាំពីអាការ និងបបួលភរិយាធ្វើកិច្ចការងាររួមគ្នា ដើម្បីបន្ធូរបន្ថយខាងអារម្មណ៍ ដូចជា ធ្វើម្ហូបម្ហា មើលកុន ស្តាប់ភ្លេងជាមួយគ្នានៅនឹងផ្ទះ ព្រោះភរិយាអាចនឹងមិនងាយស្រួលក្នុងការចេញទៅក្រៅជាដើម។
និយាយលេងជាមួយភរិយា និងកូនក្នុងផ្ទៃភរិយា ៖ ក្រៅពីបន្ធូរបន្ថយអារម្មណ៍ភរិយាហើយ នៅជាវិធីជំរុញវិវឌ្ឍនាការរបស់កូនតូចបានទៀតផង។
ត្រៀមខ្លួនមុនប្រសូត ៖ ចាប់ផ្តើមពីការប្រឹក្សាជាមួយគ្រូពេទ្យពាក់ព័ន្ធនឹងវិធីការប្រសូត ទោះជាភរិយាចង់ជ្រើសរើសយកការវះប្រសូត ឬប្រសូតតាមធម្មជាតិក៏ដោយ ព្រោះទាំង2បែបមានការត្រៀមខ្លួន និងការមើលថែទាំខុសប្លែកពីគ្នា។
ស្វាមីគួរមានចំណែករួមក្នុងការពិចារណាជ្រើសរើសមន្ទីរពេទ្យ ៖ មិនថាតែរឿងរបស់ភរិយាដែលមានជំងឺប្រចាំកាយ ឬរឿងរបស់កូនតូចក្រោយពេលប្រសូតនោះឡើយ។ ការពិចារណាពីមន្ទីរពេទ្យដែលមានអ្វីៗគ្រប់ ជ្រើសរើសក្រុមគ្រូពេទ្យដែលមានអារម្មណ៍ជឿជាក់ក្នុងចិត្ត នឹងជួយឱ្យមានអារម្មណ៍សប្បាយនឹងធូរស្រាលបាន។
ជាអ្នកមើលថែទាំភរិយាពេលជិតប្រសូត ៖ ស្វាមីគួរនៅមើលថែទាំភរិយាយ៉ាងជិតដិតគ្រប់ពេលវេលា តែបើមានធុរៈប្រញាប់បន្ទាន់ឬមិនអាចនៅមើលបាន គួរឱ្យសាច់ញាតិជិតស្និទ្ធ ដូចជា ឪពុកក្មេកម្តាយក្មេក បងប្អូនខាងខ្លួនឯង ឬសាច់ថ្លៃ មកជួយមើលថែទាំភរិយាយ៉ាងជិតដិតផង។
រៀបចំចាត់ត្រៀមសភាពបរិស្ថានជុំវិញខ្លួនសម្រាប់កូនតូច ៖ មិនថាជាឧបករណ៍ របស់របរប្រើប្រាស់សម្រាប់កូនតូចបន្ទប់គេងរបស់កូន ទីកន្លែងសម្រាប់កូនតូច ចាត់ចែងរៀបចំសភាពខាងក្នុងផ្ទះឱ្យរួចជាស្រេច2ខែមុននឹងដល់កំណត់ប្រសូត៕