ពេលខ្លះអ្នកមានការធ្វេសប្រហែស ធ្វើឱ្យរលាកភ្លើង ឬវត្ថុក្ដៅ។ មានប្រិយមិត្តជាច្រើនបានជ្រាបអំពីវិធីងាយៗ ក្នុងការដោះស្រាយបញ្ហារលាកភ្លើង ឬទឹកក្តៅ គឺគ្រាន់តែយកផ្នែកពណ៌សនៃស៊ុតមាន់ ទៅលាបឱ្យសព្វលើបរិវេណដែលត្រូវទឹកក្តៅរលាក ទុកចោលមួយសន្ទុះ រហូតដល់ស្ងួត ទើបលាងជម្រះដោយទឹកឱ្យស្អាតជាការស្រេច។ វិធីនេះអាចបំបាត់ស្នាមដំបៅក្រហម ឬពងបែកនៅលើស្បែកបាន ប៉ុន្តែករណីដែលរលាកខ្លាំង ហើយធ្ងន់ធ្ងរនោះ វិធីងាយមួយនេះ ក៏មិនបានហុចផលឱ្យស្បែកជាសះស្បើយទាំងស្រុងនោះទេ។ នៅពេលអ្នកជួបប្រទះនូវបញ្ហារលាកភ្លើង ឬរលាកទឹកក្ដៅខ្លាំង សូមប្រតិបត្តិតាមវិធីសាស្ត្រសង្គ្រោះបឋមមួយចំនួនដូចខាងក្រោមនេះ៖
1- សង្គ្រោះរាងកាយ
ក្នុងករណីត្រូវទឹកក្ដៅរលាកទាំងសម្លៀកបំពាក់ ចូរប្រញាប់ឆក់ ឬដោះសម្លៀកបំពាក់ចេញពីរាងកាយឱ្យបានលឿនជាទីបំផុត ឬបើមិនអាចយកចេញបានទេ ចូរប្រញាប់យកទឹកត្រជាក់មកស្រោចពីលើរាងកាយភ្លាម។ ក្នុងករណីដែលអ្នកត្រូវភ្លើងរលាក បើសម្លៀកបំពាក់ឆេះភ្លើង ត្រូវប្រញាប់យកទឹកមកជះពន្លត់ភ្លាម។ បើមិនមានទឹកនៅក្បែរនោះទេ ចូរគេងទៅលើដី ហើយប្រមៀលចុះឡើង ដើម្បីពន្លត់ភ្លើងដែលឆេះខោអាវនោះជាមុនសិន។
2- បញ្ចុះកម្ដៅដល់ស្បែក
អ្នកត្រូវបញ្ចុះកម្ដៅស្បែកត្រង់បិវេណដែលរលាក ដោយទឹកត្រជាក់ ឬទឹកកក ព្រោះបើអ្នកមិនបញ្ចុះកម្ដៅភ្លាមៗទេ ស្បែកត្រង់បរិវេណនោះវានឹងរីកពងទឹក។ ការបញ្ចុះកម្ដៅស្បែកអាចធ្វើបានដោយការស្រោចទឹកត្រជាក់ដោយផ្ទាល់ ឬយកទឹកកកខ្ចប់ក្នុងក្រណាត់ស្អាតមកស្អំពីលើស្បែកក៏បាន។ តែហាមយកអ្វីដែលត្រជាក់ ហើយមិនស្អាតមកបិទជាដាច់ខាត ព្រោះវាអាចធ្វើឱ្យមុខរបួសរលាកភ្លើងឆ្លងមេរោគបាន។
3- សម្អាតស្បែកត្រង់បរិវេណ ដែលត្រូវភ្លើង ឬទឹកក្ដៅរលាក
លាងសម្អាតដោយសាប៊ូស្រាលៗ ជាមួយនឹងទឹកស្អាត។ ចូរចងចាំថា មិនត្រូវដុសស្បែកដែលរលាកពងនោះទេ ព្រោះអាចធ្វើឱ្យឆ្លងមេរោគ ហើយប្រែទៅជាដំបៅក្លាយខូចស្បែកកាន់តែធំ។
4- រុំមុខរបួសឱ្យជិតស្អាត
ក្រោយពេលសម្អាតស្បែកត្រង់កន្លែងដែលរលាកនោះរួចហើយ ចូរប្រើបង់រុំដំបៅ ឬសំឡីស្អាតដែលសម្លាប់មេរោគរួចមកជូតស្នាមរបួសឱ្យស្អាតថ្នមៗ។ បន្ទាប់មកសឹមបិទមុខរបួសដោយបង់ដែលមិនមានមេរោគ ដើម្បីការពារស្នាមរបួសឱ្យមានអនាម័យជានិច្ច។ ក្នុងករណីស្នាមរបួសតូចតាច អ្នកគ្រាន់តែលាបថ្នាំផ្សះសម្រាប់រលាកភ្លើង ឬរលាកទឹកក្ដៅ ឬក៏អាចប្រើសាច់ប្រទាលកន្ទុយក្រពើ ដែលចិតសម្រកខាងក្រៅចេញទុកតែសាច់ខាងក្នុងថ្លាៗដូចចាហួយ និងលាងសម្អាតជ័រហើយមកបិទពីលើស្នាមរលាកក៏បាន។
5- ប្រញាប់បញ្ចូនអ្នករបួសទៅមន្ទីរពេទ្យ ក្នុងករណី៖
– កើតមានអាការស្លុត ឬឆក់ខ្សែភ្លើង
– មានអាការខ្វះជាតិទឹក ក្នុងករណីរលាកភ្លើងធ្ងន់ធ្ងរ វាអាចបណ្ដាលឱ្យរាងកាយអ្នកខ្វះជាតិទឹក។
– ស្នាមរលាកមានមុខធំ ឈឺចាប់ខ្លាំង រលាកហើមប៉ោង ឬពងទឹកខ្លាំង។
– ក្ដៅខ្លួនខ្លាំងលើស38អង្សាសេ។
– រលាកលើផ្នែកសំខាន់ៗ ដូចជា ក្បាល ក មុខនិងខ្នងជាដើម។
– អ្នករលាក គឺជាមនុស្សចាស់ ឬក្មេងអាយុតិចជាង5ឆ្នាំ។
– អ្នករលាក គឺជាអ្នកជំងឺទឹកនោមផ្អែម អ្នកជំងឺបេះដូង និងអ្នកជំងឺលើសឈាមជាដើម៕