អាហារដែលអ្នកម្តាយ និងទារកក្នុងផ្ទៃត្រូវការខ្វះមិនបាន

ស្ត្រីមានផ្ទៃពោះជាច្រើនគិតថា ពួកគេអាចញ៉ាំអ្វីគ្រប់យ៉ាង និងគ្រប់ពេលដែលពួកគេចង់។ យ៉ាងណាមិញ អ្នកត្រូវតែដឹងថា ការញ៉ាំអ្វីៗទាំងអស់ គឺសម្រាប់មនុស្សពីរនាក់ ដូច្នេះកាឡូរីដែលត្រូវបន្ថែមប្រមាណ ៣០០កាឡូរីក្នុងមួយថ្ងៃ ទើបរាងកាយរបស់អ្នក និងកូន ទទួលបានជីវជាតិគ្រប់គ្រាន់។

អាហារដែលមានជីវជាតិល្អដូចជា ប្រូតេអ៊ីនគ្មានខ្លាញ់ និងបន្លែបៃតង ប៉ុន្តែត្រូវជៀសវាងអាហារមានកាឡូរីខ្ពស់ និងសារធាតុចិញ្ចឹមទាប ដូចជាទឹកក្រូច​សូដា បង្អែម និងអាហារកែច្នៃជាដើម។ ខាងក្រោមនេះ ជាប្រភេទអាហារដែលស្ត្រីមានផ្ទៃពោះត្រូវការខានពុំបាន៖

១.ស៊ុតមាន់

ស៊ុតមាន់មួយគ្រាប់ មានផ្ទុកប្រូតេអ៊ីនដ៏សម្បូរបែប ហើយមានកាឡូរីមិនក្រោម ៩០កាឡូរីឡើយ។ ក្រៅពីនេះវាជាប្រភពដ៏អស្ចារ្យនៃសារធាតុ Choline ដែលអាចជួយអភិវឌ្ឍខួរក្បាលរបស់ទារក និងការលូតលាស់ទូទៅ។

២.ទឹកដោះគោជូរ

ទឹកដោះគោជូរ ជាប្រភពដ៏ល្អនៃជាតិកាល់ស្យូម រួមទាំងប្រូតេអ៊ីនផងដែរ។ កាន់តែប្រសើរជាងនេះទៅទៀតនោះ វាមានផ្ទុកសារធាតុ probiotics ដែលអាចជួយការពារពីការឆ្លងមេរោគផ្សិតពេលមានផ្ទៃពោះ។

៣.សណ្តែក

បន្លែប្រភេទនេះជាប្រភពដ៏ល្អនៃអស៊ីត folate ដែលមានសារៈសំខាន់ចំពោះការលូលាស់ខួរក្បាល និងប្រព័ន្ធសរសៃប្រសាទរបស់ទារក។ ជាពិសេស វាអាចជួយការពារពិការភាពពីកំណើតផងដែរ។

៤.ត្រីសាម៉ុន

ប្រភពខ្លាញ់អូមេហ្គា៣ នៅក្នុងត្រីសមុទ្រប្រភេទនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍភ្នែក និងខួរក្បាលរបស់ទារក ហើយអាចកាត់បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្តអំឡុងពេលមានផ្ទៃពោះផងដែរ។

៥.បន្លែ

ស្ពៃខ្មៅ ស្ពៃខៀវ ស្ពៃក្តោប និងខាត់ណាផ្តាពណ៌ខៀវ មានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន ដែលស្ត្រីមានផ្ទៃពោះគួរបន្ថែមនៅក្នុងរបបអាហារជាប្រចាំ៕

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top