៥វិធី​ក្នុងការ​ជួយអភិវឌ្ឍន៍ IQ និង EQ ដល់​កូនតូច​តាំងពី​នៅក្នុង​ផ្ទៃ​

តើ​អ្នក​ម្តាយ​ទាំងអស់​ជឿ​ទេ​ថា ក្នុងអំឡុង​ពេលដែល​យើង​កំពុង​មានគភ៌​នោះ យើង​អាច​បង្កើន​វិវឌ្ឍនាការ​ផ្នែក​ការរៀន​យល់ដឹង ឬ IQ (Intelligence Quotient) និង EQ (Emotional Quotient) របស់​កូនតូច​បាន​ដោយ​មិនចាំបាច់​រង់ចាំ​ឱ្យគេ​ប្រសូត​ចេញមក​សិន​នោះឡើយ។ វិធី​ប្រតិបត្តិ​មាន​ដូចតទៅ ៖

អ្នក​ម្តាយ​មានគភ៌​ដ៏​សែន​មាន​អារម្មណ៍ល្អ
ក្នុងអំឡុង​ពេលដែល​អ្ន​ក​ម្តាយ​តាំង​គភ៌​នោះ អ័រម៉ូន​នឹង​ពុះកញ្ជ្រោល និង​ប្រែប្រួល​ជានិច្ច តាម​ក្បួនតម្រា​បាន​និយាយថា ស្ត្រី​ពេល​មាន​ផ្ទៃពោះ​គួរឱ្យខ្លាច​ខ្លាំងណាស់  តែ​សូមអ្នក​ម្តាយ​មានគភ៌​កុំភ្លេចថា ទោះជា​អ្នក​ម្តាយ​ស្ថិតនៅក្នុង​អារម្មណ៍​បែបណាក៏ដោយ ក៏មាន​ផលប៉ះពាល់ និង​បញ្ជូន​ទៅដល់​កូន​នៅក្នុង​គភ៌​ដោយ​ត្រង់​ជានិច្ច  រឹតតែ​តានតឹង​ធុញថប់​ខ្លាំង រាងកាយ​នឹង​រឹតតែ​បញ្ចេញ​សារធាតុ អា​ឌ្រី​ណា​លីន​ច្រើន ធ្វើឱ្យ​ពេល​ប្រសូត​ចេញមក កូន​នឹងមាន​ភាព​ប្រថុយប្រថាន​ខ្ពស់​ក្នុងការ​ក្លាយជា​ក្មេង​ឆាប់​ខឹង​មួម៉ៅ និង​មាន​វិវឌ្ឍនាការ​យឺត​ជាង​ក្មេង​ក្នុង​វ័យ​ស្របាល​គ្នា។

អ្នក​ម្តាយ​មានគភ៌​ត្រូវ​ញ៉ាំ​ឱ្យ​កើត​ប្រយោជន៍
អំឡុងពេល​មានគភ៌ អ្នក​ម្តាយ​ច្រើនតែ​ញ៉ាំ​ច្រើន​ជាពិសេស  ព្រោះ​ត្រូវបញ្ជូន​តាមរយៈ​សារធាតុ​អាហារផ្សេងៗនោះ​ទៅឱ្យ​កូនតូច​ដែល​នៅក្នុង​ផ្ទៃ ហើយ តើ​វា​នឹង​ប្រសើរ​ជាង​ទេ បើសិនជា​សារធាតុ​អាហារ​ដែល​យើង​បញ្ជូនទៅ​ឱ្យគេ​នោះ​ជា​សារធាតុ​អាហារ​ដែលមាន​ប្រយោជន៍ និង​ចាំបាច់​ដល់​រាងកាយ​របស់គេ​នោះ?

កម្រើក​រាងកាយ​ជាប្រចាំ
អ្នក​ម្តាយ​អាច​មិនចាំបាច់​ដល់​ថ្នាក់​ចូល​ក្លឹប​ដើម្បី​ធ្វើការ​ហាត់ប្រាណ​នោះទេ តែ​អាច​ប្តូរ​មកជា​កម្រើកខ្លួន​ធ្វើ​ចលនាថ្នមៗជំនួស​វិញ ដូចជា រត់ត្រឹកៗ យោល​ដៃ​ទៅមក ឬ​ធ្វើតាម​លំ​ហាត់ប្រាណ​សម្រាប់​ស្ត្រី​មានគភ៌ ព្រោះ​គ្រប់​ពេលដែល​អ្នក​ម្តាយ​ធ្វើ​ចលនា​រាងកាយ កូនតូច​ក៏​ធ្វើ​ចលនា​តាម​អ្នក​ម្តាយ​ដែរ​ធ្វើឱ្យ​រាងកាយ​របស់គេ​រឹងប៉ឹង​មាំមួន​ទោះជា​នៅក្នុង​ផ្ទៃ​ក៏ដោយ។

និយាយ​ជាមួយ​កូន​ក្នុង​ផ្ទៃ​ឱ្យបាន​ច្រើន
ការជជែក​និយាយ​ជាមួយ​កូនតូច​ដែល​នៅក្នុង​ផ្ទៃ​ក្រៅពី​នឹង​ជួយ​អភិវឌ្ឍ​ប្រព័ន្ធ​ប្រសាទ​ផ្នែក​ការ​ស្តាប់​ហើយ នៅ​ជួយ​ជំរុញ​ប្រព័ន្ធ​ប្រសាទ​ក្នុង​ផ្នែក​នៃ​ការទទួល​ដឹង​ខាង​អារម្មណ៍​ដល់​កូន​ទៀតផង ដូច្នេះហើយ​ទើប​អ្នក​ម្តាយ​ត្រូវ​ឧស្សាហ៍​ស្ទាបអង្អែល​ពោះ​ខ្លួនឯង​ព្រមទាំង​និយាយ​ជាមួយ​គេ​ឱ្យបាន​ញឹកញាប់ និង​គួរ​និយាយ​តែ​រឿងល្អៗ ពិរោះៗស្តាប់ មិនមែន​យកតែ​រឿងពិបាកៗមក​និយាយ​ឱ្យ​កូន​ស្តាប់​នោះទេ ព្រោះ​កូន​អាច​នឹងមាន​អារ​ម្ម​ពិបាកចិត្ត​ទៅតាម​នោះដែរ។

ហ្វឹកហាត់​ការមើលឃើញ និង​អភិវឌ្ឍ​ប្រព័ន្ធ​ប្រសាទ
អ្នក​ម្តាយ​មានគភ៌​អាច​ជំរុញ​ការមើលឃើញ​របស់​ទារ​ក​ក្នុង​គភ៌​បាន​នៅពេល​គភ៌​មាន​អាយុ 7 ខែ​ឡើងទៅ ដោយ​ការចេញ​ដើរទៅ​ទទួលយក​ពន្លឺ​ថ្ងៃស្រទន់ៗនៅពេល​ព្រឹក ឬ​ពេល​ល្ងាច ព្រោះ​ទារក​អាច​តបស្នង​នឹង​ពន្លឺព្រះអាទិត្យ​បាន​ដោយ​ការ​ព្រិច​ភ្នែក។ ការឱ្យ​ពន្លឺ​ថ្ងៃ​ចាំង​ចំ​គភ៌​នឹង​ជួយ​ឱ្យ​កោសិកា​ខួរក្បាល និង​ប្រព័ន្ធ​ប្រសាទ​ផ្នែក​ចាប់​រូបភាព និង​ការមើលឃើញ​បានទទួល​ការអភិវឌ្ឍន៍​កាន់តែ​ល្អ​ឡើង។

ស្តាប់​បទ​ភ្លេង
ការ​ស្តាប់​បទ​ភ្លេង​ខណៈ​មានគភ៌ មិនចាំបាច់​ជា​បទ​ភ្លេង​ដែល​ប្រគំ​ជា​ពួក​នោះទេ ចូរ​សង្កត់ធ្ងន់​លើ​បទ​ភ្លេង​ដែល​អ្នក​ម្តាយ​ចូលចិត្ត​ប្រសើរ​ជាង ព្រោះ​នៅពេលដែល​អ្នក​ម្តាយ​ចូលចិត្ត កូនតូច​នៅក្នុង​ផ្ទៃ​ក៏មាន​អារម្មណ៍​ទៅតាម​នោះដែរ។ ការ​ស្តាប់​បទ​ភ្លេង​នឹង​ជួយ​ជំរុញ​សរសៃប្រសាទ​ពាក់ព័ន្ធ​ការ​ស្តាប់ និង​មាន​លទ្ធផល​វិភាគ​ចេញមក​ហើយ​ថា ក្មេង​ដែល​បាន​ស្តាប់​បទ​ភ្លេង​តាំងនៅ​ក្នុង​គភ៌​នឹងមាន​សមត្ថភាព​ក្នុងការ​រៀបរៀង​លំដាប់​ខាង​ការគិត​បានល្អ​ជាង​កុមារ​ដែល​មិនដែល​បាន​ស្តាប់​បទ​ភ្លេង៕

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top