តាមការសិក្សាមួយបានព្រមានថា កុមារដែលញ៉ាំទឹកផ្លែឈើមួយកែវនៅពេលព្រឹកព្រលឹម អាចប្រឈមហានិភ័យនៃជំងឺធាត់ច្រើនជាងកុមារដែលមិនបានទទួលទាន ១,៥ដង។ លើសពីនេះទៅទៀត កុមារដែលមិនទទួលទានអាហារពេលព្រឹកក៏ប្រឈមនឹងជំងឺធាត់ដូចគ្នា ដោយសារតែពួកគេត្រូវការញ៉ាំអាហារសម្រន់ច្រើននៅពេលថ្ងៃ។
ថ្វីបើទឹកផ្លែឈើត្រូវបានគេទទួលស្គាល់ជាជម្រើសដ៏ល្អសម្រាប់សុខភាពក៏ដោយ ប៉ុន្តែវាមានជាតិស្ករខ្ពស់ និងកាឡូរីច្រើន ដែលមិនល្អសម្រាប់កុមារទទួលទាននៅពេលព្រឹកឡើយ។
ការស្រាវជ្រាវពីមុនបានបង្ហាញថា ទឹកផ្លែឈើចំនួន ៣៥០មីលីលីត្រ អាចមានជាតិស្កររហូតដល់ ៩ស្លាបព្រាកាហ្វេ នេះបើយោងតាមសារព័តមាន Dailymail។
ការស្រាវជ្រាវដែលធ្វើឡើងដោយមជ្ឈមណ្ឌល់ Vienna School of Medicine បានសាកល្បង ការញ៉ាំអាហារពេលព្រឹករបស់កុមារចំនួន ៦៥០នាក់ និងបានប្រៀបធៀបទម្ងន់ ព្រមទាំងកម្ពស់បរស់ពួកគេ។ លទ្ធផរកឃើញថា កុមារចំនួន ២៩ភាគរយ កើតបញ្ហាលើសទម្ងន់ ឬធាត់។
កុមារដែលទទួលទានទឹកផ្លែឈើ នៅពេលព្រឹក អាចជួបបញ្ហាលើសទម្ងន់រហូតដល់ទៅ ៤០ភាគរយ។ ចំណែកឯកុមារមិនញ៉ាំអាហារពេលព្រឹក គឺមាន៤នាក់ ក្នុងចំណោមកុមារ ១០នាក់ នៅក្រោមអាយុ ១៣ឆ្នាំ ដែលកើតជំងឺធាត់ដូចគ្នា។
វេជ្ជបណ្ឌិត Maria Luger ដែលជាអ្នកដឹកនាំការសិក្សានេះ បានផ្តល់ដំបូលន្មានដល់ឪពុកម្តាយ គ្រប់រូបកាត់បន្ថយការប្រើប្រាស់ស្ករសម្រាប់អាហារពេលព្រឹករបស់កុមារ ជាពិសេសការទទួលទានទឹកផ្លែឈើតែម្តង។ ការទទួលទានអាហារដែលសម្បូរជាតិស្ករមិនត្រឹមតែធ្វើឲ្យកុមារធាត់នោះទេ វាក៏អាចបណ្តោលឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទទី២ ជំងឺបេះដូង និងកើតមហារីក ទៅថ្ងៃអនាគត់ផងដែរ៕