អាហារដែលគួរទទួលទាន និងមិនគួទទួលទាន​សំរាប់​ស្ត្រី​មាន​ផ្ទៃពោះ!

ក្នុងពេល​ពរ​ពោះ ស្ត្រី​គួរ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ទៅលើ​របប និង​ប្រភេទ​ចំណីអាហារ ពីព្រោះ​ការបរិភោគ អាហារ​ត្រឹមត្រូវ ធ្វើអោយ​កូន​ក្នុង​ផ្ទៃ​មានការ​លូតលាស់​ល្អ និង​កូន​កើតមក​ឆ្លាត​វៃ។ ផ្ទុយទៅវិញ បើ​ស្ត្រី​បរិភោគ​អាហារ​មិន​ត្រឹមត្រូវ​ទេ អាចមាន​ការប៉ះពាល់​ធ្ងន់ធ្ងរ ដល់​សុខភាព​កូន​ក្នុង​ផ្ទៃ និង​សុខភាព​កូន​ពេល​កើតមក។

ដោយមាន​ការ​បំរែបំរួល​សរីរាង្គ​រប​ស់​ស្ត្រី​ក្នុងពេល​ពរ​ពោះ អង្គ​ការពារ​ខ្លួន​របស់​ស្ត្រី​នឹង​ធា្ល​ក់​ចុះ ធ្វើអោយ​អាហារ​មួយចំនួន​ដែល​ធ្លាប់​បរិភោគ​ពីមុន អាច​នឹងមាន​ផលប៉ះពាល់​នៅពេល​បរិភោគ ក្នុងពេល​មាន​ផ្ទៃពោះ។

១) ទាក់ទង​ទៅនឹង​ប្រភេទ និង​របប​អាហារ កំឡុង​មាន​ផ្ទៃពោះ​ស្ត្រី​គួរ​ប្រតិបត្តិ​ដូចតទៅ៖

– បរិភោគ​អាហារ​អោយបាន គ្រប់មុខ មាន​ទាំង​បន្លែ សាច់ សុ៑​ត គ្រាប់​ធញ្ញជាតិ និង​ផ្លែឈើ។ ក្នុង១ថ្ងៃ ស្ត្រី​គួរ​បរិភោគ​យ៉ាង​ហើ​ច​អោយបាន​បន្លែ៥មុខ និង​ផ្លែឈើ៥មុខ ហើយ​ផ្លាស់ប្តូរ​គ្នា​ជា​រៀងរាល់ថ្ងៃ ព្រោះ​អាហារ​ដែលមាន​ពណ៌ខុសៗគ្នា ផ្ទុក​នូវ​វីតាមីន ជាតិ​មី​នេ​រាល់​និង​ប្រូ​តេ​អី​នផ្សេងៗគ្នា។

– បរិភោគ​អាហារ​ដែល​ចំអិន​ឆ្អិន​ល្អ ទាំង​សាច់ ស៊ុត និង​បន្លែ។ ផ្លែឈើ​ត្រូវ​លាង​អោយ​ស្អាត មុននឹង​បរិភោគ។

– បរិភោគ​អាហារ​ដែលមាន​វីតាមីន C និង​អាស៊ីតហ្វូលីក​អោយបាន​គ្រប់គ្រាន់ ក្នុង​រយៈពេល ១២ សប្តាហ៍​ដំបូង។

– ជ្រើសរើស​អាហារ​ណា​ដែលមាន​ជាតិ​សរសៃ​ច្រើន​ដូចជា នំ​បុ័ង សេ​រេ​អាល់ គ្រាប់សណ្តែក បន្លែ​ពណ៌​បៃតង។

– ត្រូវ​បរិភោគ​អាហារ ឬ​ភេសជ្ជៈ​ដែលមាន​ផ្ទុក​នូវ​ជាតិ​កាល់ស្យូម​ច្រើន យ៉ាងតិច​អោយបាន 1000-1300 មី​លី​ក្រាម​ក្នុង​មួយថ្ងៃ ក្នុងពេល​មាន​ផ្ទៃពោះ។

– ត្រូវ​បរិភោគ​អាហារ​ណា​ដែលមាន​ជាតិ​ដែក​អោយបាន​យ៉ាងតិច 27 មី​លី​ក្រាម​ក្នុង​មួយថ្ងៃ។ អាហារ​ទាំងនោះ​មានដូចជា សាច់​ក្រហម​សុទ្ធ ស្ពៃខៀវ គ្រាប់សណ្តែក និង​សេ​រេ​អាល់។

– ត្រូវ​បរិភោគ​អាហារ​ដែលមាន​ជាតិ​អ៊ីយ៉ូដ​អោយបាន​យ៉ាងតិច 220 មីក្រូ​ក្រាម ដើម្បី​ជួយ​ក្នុងការ​លូតលាស់​ខួរក្បាល​កូន។ អាហារ​ទាំងនោះ​មានដូចជា​ទឹកដោះគោ ឈី​ស យោ​ហ្គឺ​ត(yogurt) និង​អាហារ​សមុទ្រ​មួយចំនួន​ដូចជា​ត្រី​សមុទ្រ ត្រី​សាល់​ម៉ុង បង្គា ។

– ត្រូវ​បរិភោគ​អាហារ​ដែលមាន​ជាតិ​វីតាមីន​សេ រាល់ថ្ងៃ​យ៉ាងតិច 80-85 មី​លី​ក្រាម​ក្នុង​មួយថ្ងៃ។ អាហារ​ទាំងនោះ​មានដូចជា ក្រូច មឺ​ឡុង ទំពាំងបាយជូ ស្តរ​បូរី ល្ហុង ប៉េងប៉ោះ ម្ទេស​ខៀវ ផ្កា​ខាត់ណា ប្រូ​កូ​លី ស្ពៃក្តោប​ពណ៌​ខៀវ សាឡា​ត់​ខៀវ និង​ស្ពៃខៀវ។

– ត្រូវ​បរិភោគ​អាហារ​ដែលមាន​ជាតិ​ហ្វូ​ឡា​ត ឬ​អាស៊ីតហ្វូលីក រាល់ថ្ងៃ​យ៉ាងតិច 0.64 មី​លី​ក្រាម​ក្នុង​មួយថ្ងៃ ដើម្បី​ជួយ​ការពារ ការ​របើក​ឆ្អឹង​កង​ខ្នង​កូន​ពី​កំនើត ដែល​អាចអោយ​កូន​មាន​ភាព​ពិការ​ជើង​ទាំងសងខាង។ អាហារ​ទាំងនោះ​មានដូចជា បន្លែ​បៃតង សាច់​សុទ្ធ គ្រាប់សណ្តែក ជាដើម។

– ត្រូវ​បរិភោគ​អាហារ​ដែលមាន​ជាតិ​វីតាមីន​អា រាល់ថ្ងៃ ដូចជា ការ៉ុត ល្ពៅ ដំឡូង​ក្រហម ស្ពៃខៀវ ននោង ស្លឹក​បន្លែ​ដែលមាន​មើម និង​ផ្លែ​មឺ​ឡុង។

២) អាហារ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​ជៀសវាង​មានដូចជា៖

– ជាតិ​អាល់កុល: ព្រោះ​វា​អា​ចប​ណា្ត​ល​អោយ​មានការ​សំរាលកូន​មុន​ខែ បាត់បង់​នូវ​ភាព​ឆ្លា​តរបស់​កូន ការលូតលាស់​របស់​កូន​ក្នុង​ពោះ​តូច​ជាង​ធម្មតា និង​អា​ចប​ណា្ត​ល​អោយមាន​ភាពខុសប្រក្រតី​មួយចំនួន​លើ​កូន​ក្នុង​ផ្ទៃ។

– ជាតិ​កាហ្វេ​អី​ន: មិនត្រូវ​បរិភោគ​លើសពី 300 មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​ទេ។

– ជាតិ​ស្ករ រឺ​ផ្អែម មិនត្រូវ​បរិភោគ​ច្រើនពេក​ទេ។

– ជាតិ​ខ្លាញ់ និង​កូ​ឡេស​ស្តេ​រ៉ុល: ត្រូវ​កាត់បន្ថយ មក​ត្រឹមតែ 300 មី​លី​ក្រាម​ក្នុង​មួយថ្ងៃ។

– សាច់​ត្រី​សមុទ្រធំៗ មួយចំនួន ដូចជា​ត្រី​ឆ្លាម: ព្រោះ​មាន​ផ្ទុក​នូវ​ជាតិ​បា​រ៉​ត​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​ក្នុង​ផ្ទៃ។

– ឈី​ស​ដែល​មិនបាន​ឆ្លងកាត់​ការ​រំងាប់​មេរោគ (unpasteurized) ព្រោះ​វា​អាច​ផ្ទុក​នូវ​មេរោគ listeria

– សាច់ រឺ​ប​ន្លៃ​ឆៅ ព្រោះ​វា​អាចមាន​ផ្ទុក​នូវ​ពពួក​បាក់តេរី ឬ​សត្វល្អិត​មួយចំនួន​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ។

“ ដើម្បីអោយ​កូន​មាន​សុខ​ភាពល្អ ប្រាជ្ញា​ឆ្លាត​វៃ ក្រុមការងារ​វេជ្ជបណ្ឌិត និង​គិ​លា​នុប​ដ្ថា​ក​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត សំណូមពរ​អោយ​អ្នក​មា្ត​យ​គ្រប់រូប​ត្រូវ​ចេះ​ជ្រើសរើស​អាហារ​បរិភោគ​ដែល​ប្រកបដោយ​ផាសុកភាព​ទាំង​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ និង​ពេល​បំបៅ​ដោះ​កូន។ ”

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top