កិច្ចការ 4 យ៉ាងដែលអ្នកម្តាយមានគភ៌ហាមខកខាន

តួនាទី​មើលថៃទាំ​កូន​តូច​ក្នុងគភ៌ប្រហែល​ជា​ធ្វើឱ្យ​អ្នក​ម្តាយ​មាន​អារម្មណ៍​តានតឹង​មិន​ស្ទើរ​ឡើយ តែបើ​រវល់តែមក​អង្គុយធុញទ្រាន់​រហូត​នោះ​ក៏​ប្រហែល​ជា​ជួយ​អ្វី​មិន​បាន​ដែរ សុខ​ចិត្តរក​កិច្ច​ការងារ​សប្បាយៗមក​ធ្វើកែ​អផ្សុក​វិញ​ល្អ​ជាង ព្រោះបើ​អ្នក​ម្តាយ​មាន​អារម្មណ៍​ល្អ កូន​តូច​ក្នុង​ផ្ទៃ​ក៏​មាន​សេចក្តី​សុខ​ដែរ ដូច្នេះ​ដើម្បី​ឱ្យ​ទទួល​បាន​អារម្មណ៍​រីករាយ​ស្រស់​ថ្លា​នោះ សូម​ណែនាំ​កិច្ច​ការងារ 4 យ៉ាង​ដែលស្រ្តី​មានគភ៌​មិន​គួរ​ខកខានមក​ជម្រាបជូន​។

1 សម្រាក​លំហែ​កាយ
គ្មាន​អំឡុង​ពេលណា​ដែល​ស័ក្តិសម​សម្រាប់​ការ​ទៅ​ដើរ​កំសាន្ត​សម្រាក​លំហែ​កាយ​ស្មើ​នឹង​អំឡុង​ពេល​ត្រី​មាសទី 2 នៃ​ការ​តាំងគភ៌​នេះ​ទៀត​ទេ ព្រោះ​ក្នុង​ត្រី​មាស​ដំបូង​អ្នក​ម្តាយ​ត្រូវ​តស៊ូ​នឹង​អាការ​ចាញ់​កូន និង​អាការ​ទន់​ល្វើយ​គ្មាន​កម្លាំង​កំហែង ចំណែក​ត្រីមាសទី 3 វិញ​នោះ ពោះ​ក៏​ធំ​ធ្វើឱ្យ​ពិបាក​ក្នុង​ការ​ធ្វើ​ចលនា ឬ​ធ្វើ​អ្វី​ក៏​មិន​សូវ​ស្រួល ដូច្នេះ​អំឡុង​ពេល​នេះ ស័ក្តិសម​បំផុត​។

បើ​ធ្វើ​ដំណើរ​ដោយ​យន្តហោះ​អាច​ត្រូវ​មើល​ចំណុច​កំណត់​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​នីមួយផង តែបើ​ធ្វើ​ដំណើរ​តាម​រថយន្ត​វិញ​ក៏​កុំ​ភ្លេច​ឈប់​ចូល​សំចតឱ្យ​បាន​ញឹក​ញាប់ផង​ដើម្បី​បាន​តម្រង់ដៃ​តម្រង់​ជើង​ខ្លះ ឬបើ​ធ្វើ​ដំណើរ​តាម​ទូក​នោះ ឡារ៉ែន​មិន​ណែនាំឱ្យជិះ​ទូកលឿន (Speed boat) ឬ​ទូក​តូចៗ​ស្រាលៗ​ដែល​អាចលោត​រលាក់​ខ្លាំងៗ​ពេលប៉ះ​នឹង​ទឹករលក​នោះ​ទេ ព្រោះ​អាចបណ្តាលឱ្យ​មាន​គ្រោះ​ថ្នាក់​បាន​។

2 សរសេរ​សំបុត្រ​ទុកឱ្យ​កូន​មើល
ចំណុច​នេះ​សូមយក​ចិត្ត​អ្នក​ម្តាយ​ដែល​ចូល​ចិត្ត​សរសេរកត់​កំណត់ហេតុ​ជា​ពិសេសតែ​ម្តង ការ​សរសេរ​កំណត់ហេតុ ឬ​សំបុត្រ​នេះជួយសាង​នូវ​សម្ព័ន្ធ​ភាព​យ៉ាង​ស៊ី​ជម្រៅ​រវាង​ម្តាយ និង​កូនឱ្យ​កាន់តែ​រឹងមាំ​ឡើង មាន​អារម្មណ៍ថា​ជា​មនុស្ស​តែមួយ​កាន់តែខ្លាំង​ឡើង និង​ក្នុងន័យ​មួយ​ទៀត​នៅ​អាចជួយឱ្យ​អ្នក​ម្តាយ​បាន​ទ​ម្លាយ​ភាព​តានតឹង​នៅ​ក្នុង​ចិត្ត​ចេញមក​បាន​យ៉ាង​ល្អ​ទៀតផង ចុង​ក្រោយ​នៅពេល​កូន​ធំឡើង ហើយ​បានអាន​កំណត់​ត្រា​នេះ ក៏​រឹតតែ​ធ្វើឱ្យ​កូន​មាន​អារម្មណ៍​ដឹងពី​សេចក្តី​ស្រឡាញ់ ក្តី​បារម្ភ ជា​ការចងរឹ​តខ្សែ​សម្ព័ន្ធ​ដ៏​ល្អ​បំផុត ចំណែក​អ្នក​ម្តាយ​ដែល​មិន​ចូល​ចិត្ត​ការ​សរសេរ​នោះ ក៏​អាច​ប្រើ​វិធី​ផ្សេង​ទៀត​បាន​ដែរ ដូចជា ប្រើអ៊ែបភ្លីខេស្សឹន​ក្នុង​ទូរស័ព្ទថត​សម្លេង​ទុក ជាដើម​។

3 ដើរហាងទិញ​សម្លៀក​បំពាក់​មាន​ផ្ទៃពោះ
ចំណុច​នេះ​ត្រូវ​ចិត្ត​នារីៗ​យើង​យ៉ាង​ពិត​ប្រាកដ ព្រោះ​ការ​បាន​ដើរសបភិងរើសទិញ​ខោអាវ​ថ្មីៗ ស្អាតៗ គឺជា​ភាព​រីករាយជក់​ចិត្ត​ខ្លាំង​មែនទែន ហើយ​ឆ្លៀត​ឱកាស​នេះ​ដឹកដៃ​មិត្ត​ភ័ក្តិ ឬ​ស្វាមី​ឱ្យទៅជួយរើសឈុត​ពោះធំ​ម៉ូដ​ដែល​ស្រឡាញ់​ចូល​ចិត្ត ទាំងឈុត​នៅ​ផ្ទះ ឈុត​ទៅដើរ​លេង ឈុត​ចូល​រួម​ពិធី ស្បែកជើង ឈុត​ខាង​ក្នុង -ល- ទោះជា​ដើរ​ឡើងហត់មែន តែ​ក៏​មាន​សេចក្តី​សុខ​ក្នុង​ចិត្ត ធូរ​អារម្មណ៍ បាត់​តានតឹង​អស់​ជា​ច្រើន​ថ្ងៃ​ដែរ​។

4 លាមគ្រីមថែ​បំប៉ន​ស្បែក
ដោយសារតែ​ក្បាល​ពោះ​ម្តាយ​ដែល​កាន់តែ​ធំឡើង ធ្វើឱ្យ​ស្បែក​បែក​សង្វា និង​រមាស់​នោះ ទើប​អ្នក​ម្តាយ​ត្រូវតែលាបគ្រីម​នៅលើក្បាលពោះ តែ​ការលាបគ្រីម​បែប​ព្រងើយៗ​នោះ​អាច​គួរឱ្យធុញ​ទ្រាន់​ណាស់ ដូច្នេះ​សាកល្បង​បន្ថែម​សេចក្តី​សប្បាយ​រីករាយ​ដោយ​ការ​និយាយ​លេង​ជាមួយ​កូន ច្រៀង​ចម្រៀង ឬ​និយាយ​រឿង​រ៉ាវ​ផ្សេងៗ​ម្តង​ទៅ​មើល៍​ក្រៅពី​ធ្វើឱ្យ​អ្នក​ម្តាយ​មាន​អារម្មណ៍ធូរ​ស្រាល​ហើយ កូន​នៅ​ក្នុង​ផ្ទៃ​ក៏​មាន​សេចក្តី​សុខ​ផងដែរ ក្នុង​ការងារ​វិភាគ​ស្រាវជ្រាវ​មួយ​បានរក​ឃើញថា ការ​និយាយ​លេង​ជាមួយ​កូន​នៅ​ក្នុងគភ៌​របស់​ឪពុក​ម្តាយ ធ្វើឱ្យ​កូន​តូច​ស្គាល់ និង​ចងចាំ​សំឡេង​បាន​នៅពេល​ប្រសូត​ចេញមក ធ្វើឱ្យ​កូន​គ្មាន​អារម្មណ៍​តានតឹង និង​មាន​សុវត្ថិភាព​ទៀតផង​៕

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top