មនុស្សគ្រប់រូប មិនថាស្រីឬក៏ប្រុសទេតែងតែប្រាថ្នាចង់បានសម្រស់ស្រស់ស្អាតនៅក្មេងជាងវ័យជានិច្ច ព្រោះនៅពេលមានវ័យចាប់បន្តិច ស្បែកមនុស្សយើងតែមានភាពជ្រីវជ្រួញបន្តិចម្តងៗ។
ប៉ុន្តែប្រសិនបើអ្នកឧស្សាហ៍ទទួលទានអាហារធម្មជាតិដែលអ្នកជំនាញបានណែនាំជាប្រចាំ ច្បាស់ជាមានសម្រស់ក្មេងជាងវ័យរហូតដល់ទៅ១០ឆ្នាំ។
១.ផ្លែប៉េងប៉ោះ
ប៉េងប៉ោះ ត្រូវបានគេរកឃើញថា សម្បូរទៅដោយសារធាតុចិញ្ចឹម និងវីតាមីនជាច្រើនដូចជា វីតាមីន A, C និង B ជាដើម។ ម៉្យាងទៀត ប៉េងប៉ោះ មានសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនជាងផ្លែទំពាំងបាយជូររហូតដល់១៤ដង ដែលអាចជួយការពារពីកាំរស្មី UV កាត់បន្ថយបញ្ហាសរសៃឈាមបេះដូង។
២.ផ្លែទំពាំងបាយជូរ
ថ្វីបើទំពាំងបាយជូរ មានផ្លែតូចៗប៉ុណៗម្រាមដៃ ប៉ុន្តែវាមានប្រយោជន៍ច្រើនហួសការស្មាន ព្រោះវាផ្ទុកសារជាតិប្រឆាំងអុកស៊ីតកម្ម ដែលអាចការពារ ឬពន្យាភាពចាស់ កាត់បន្ថយការហើម និងឈឺសន្លាក់។ ដូច្នេះ អ្នកគួរតែទទួលទានផ្លែទំពាំងបាយជូរជាប្រចាំ ដើម្បីទទួលបានសុខភាពល្អ ហើយអាចបង្កើនការចងចាំ ការពារជំងឺវង្វេង និងជំងឺប្រព័ន្ធនោម។
៣.ផ្លែក្រូច
មិនថាផ្លែក្រូចពោធិ៍សាត់ ក្រូចឆ្មារ ក្រូចឃ្វិច ក្រូចថ្លុង… នោះទេ សុទ្ធតែសម្បូរទៅដោយវីតាមីន C និងអាស៊ីតហ្វូលិក ដែលអាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល និងអាស៊ីតអ៊ុយរិចក្នុងឈាម។ លើសពីនេះត្រកូលក្រូចទាំងអស់ ក៏អាចជួយសម្រួលប្រព័ន្ធឈាម កាត់បន្ថយបញ្ហាបេះដូង និងជំងឺសន្លាក់ផងដែរ។
៤.មើមការ៉ុត
ការ៉ុត ត្រូវបានគេចាត់ទុកជាបន្លែ ដែលជួយបង្កើនសមត្ថភាពភ្នែក និងការពារជំងឺភ្នែកយ៉ាងពូកែបំផុត ព្រោះវាសម្បូរវីតាមីន A ។ លើសពីនេះ ការ៉ុត ក៏អាចជួយការពារស្បែក និងកាត់បន្ថយភាពជ្រាវជ្រួញ ដែលបង្កដោយកាំរស្មី UV ផងដែរ។
៥.មើមខ្ទឹមស
ខ្ទឹមស ត្រូវបានគេរកឃើញថា សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលធ្វើវាឲ្យក្លាយទៅជាអាវុធដ៏ខ្លាំងសម្រាប់កម្ចាត់ពពួកមេរោគឆ្លង ដូចជាបាក់តេរី និងផ្សិត។ ម្យ៉ាងទៀត វាក៏អាចរក្សាតុល្យភាពកូឡេស្តេរ៉ុល ធ្វើឲ្យឈាមដើរស្រួល និងកាត់បន្ថយហានិភ័យជំងឺមហារីក៕