យោងតាមការសិក្សាស្រាវជ្រាវថ្មីបំផុតរបស់ក្រុមអ្នកវិទ្យាសាស្ត្រ ការដេកនៅពេលថ្ងៃត្រង់នឹងជួយឱ្យខួរក្បាលរីកចម្រើន សុខភាពល្អ ហើយមនុស្សមានកម្លាំងដូចនៅក្មេងជាងវ័យពី 3 ទៅ 7 ឆ្នាំ។
ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ College London (ចក្រភពអង់គ្លេស) និងសាកលវិទ្យាល័យសាធារណរដ្ឋ នៃប្រទេសអ៊ុយរូហ្គាយ ថ្មីៗនេះបានបញ្ចប់ការវិភាគទិន្នន័យដែលបានពីមនុស្ស 35,080នាក់ ដែលបានចូលរួមនៅឯធនាគារជីវសាស្ត្ររបស់អង់គ្លេស។
លទ្ធផលនៃការវិភាគទិន្នន័យខាងលើ បាននាំទៅរកការសន្និដ្ឋានថា ដំណេកនៅពេលថ្ងៃត្រង់គឺជាគន្លឹះដើម្បីរក្សាទម្ងន់របស់ខួរក្បាល នៅពេលចាស់។ វានឹងជួយឱ្យខួរក្បាលរីកចម្រើន សុខភាពល្អ ហើយមនុស្សមានកម្លាំងដូចនៅក្មេងជាងវ័យពី 3 ទៅ 7 ឆ្នាំ។
ទោះជាយ៉ាងណាក៏ដោយ សាស្ត្រាចារ្យ Simon Smith អ្នកជំនាញខាងដំណេក និងសុខភាពរបស់សាកលវិទ្យាល័យ Queensland (អូស្ត្រាលី) បានឱ្យដឹងថា លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះមិនមែនមានន័យថា ដំណេករយៈពេលខ្លីនៅថ្ងៃត្រង់ សុទ្ធតែមានប្រយោជន៍ពេញលេញដូចបានរៀបរាប់ខាងលើនោះឡើយ។
សាស្ត្រាចារ្យ Simon Smith បញ្ជាក់ថា បញ្ហា «ស្វិតខួរក្បាលនៅតែអាចកើតឡើងទៅតាមស្ថានភាពសុខភាពជាក់ស្ដែង មានដូចជា មនុស្សញៀននឹងស្រា ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺភ្លេចភ្លាំង (Alzheimer) ក៏ដូចជាការចាស់ទៅតាមអាយុជាដើម៕