សាកល្បងអនុវត្ត ៤ចំណុចនេះ លោកអ្នកនឹងទទួលបានអារម្មណ៍ស្រស់ស្រាយ និងសុខភាពល្អ

មនុស្សជាច្រើនអាចនឹងរៀបផែនការឱ្យឆ្នាំថ្មីខាងមុខនេះ ក្លាយជាឆ្នាំនៃការចាប់ផ្តើមនូវរឿងថ្មីៗចំពោះខ្លួនឯង ឬតាំងគោលបំណងដើម្បីធ្វើរឿងល្អៗចំពោះខ្លួនឯង បើលោកអ្នកគិតចង់ក្រោកឡើងមកផ្លាស់ប្តូរខ្លួនឯងជាថ្មីដើម្បីចាប់ផ្តើមឆ្នាំថ្មីបែបមានភាពរស់រវើកនោះ ក្រៅពីសាងភាពសប្បាយរីករាយឱ្យខ្លួនឯងហើយ នៅបានធ្វើឱ្យអ្នកនៅជុំវិញខ្លួនយើងសប្បាយរីករាយជាមួយដែរទៀតផង។

ខាងក្រោមនេះជាគន្លឹះល្អៗក្នុងការធ្វើឱ្យមានសុខភាពល្អ ដែលយើងអាចធ្វើបានដោយខ្លួនឯងដើម្បីជីវិតកាន់តែប្រសើរឡើង។

ដកដង្ហើមវែងៗដើម្បីសុខភាពល្អ

សាកល្បងសង្កេតមើលខ្លួនឯងថា តើលក្ខណៈការដកដង្ហើមរបស់លោកអ្នកយ៉ាងម៉េចដែរ ដកដង្ហើមខ្លីៗញាប់ៗ ដកដង្ហើមវែងៗ ឬយឺតៗ? ការហ្វឹកហាត់ខ្យល់ដង្ហើមឱ្យវែងៗចូលចេញយ៉ាងយឺតៗ មិនត្រឹមតែនឹងជួយឱ្យលោកអ្នកមានអារម្មណ៍ស្រស់ស្រាយស្វាហាប់ ព្រោះរាងកាយបានទទួលអុកស៊ីហ្ស៊ែនយ៉ាងពេញទំហឹងប៉ុណ្ណោះទេ ថែមទាំងជួយកំចាត់ជាតិពុលចេញពីរាងកាយបានទៀតផង ហើយនៅជួយកាត់បន្ថយអាការមួម៉ៅ ឆាប់ខឹងបានទៀតផង។ សាកល្បងហ្វឹកហាត់ខ្យល់ដង្ហើម 5 – 10 នាទីក្នុងមួយថ្ងៃសឹនក៏បាន ធ្វើក្នុងមួយថ្ងៃម្តង ធានាថាលោកអ្នកនឹងមានអារម្មណ៍សប្បាយទាំងកាយ និងចិត្តច្រើនឡើងមិនខាន។

ចាប់ផ្តើមថាមពលជីវិតដោយ បន្លែផ្លែឈើ អ័រហ្កានិក

ការជ្រើសរើសញ៉ាំបន្លែផ្លែឈើអ័រហ្កានិក ឬគ្មានសារធាតុពុលឱ្យបានយ៉ាងតិច 5 ពេលក្នុង 1 សប្តាហ៍ លោកអ្នកនឹងប្រាកដក្នុងចិត្តបានតែម្តងថា រាងកាយបានទទួលសារជាតិអាហារដែលបរិសុទ្ធកាន់តែច្រើនឡើង រាងកាយក៏នឹងបានទទួលវីតាមីន និងសារធាតុរ៉ែច្រើនឡើង ភាពប្រថុយប្រថានក្នុងការកើតរោគក៏ថយចុះទៅតាមនោះដែរ។

បែងពេលវេលាឱ្យខ្លួនឯង

នារីៗទាំងឡាយគួរបែងចែកពេលវេលាដើម្បីសាងសេចក្តីសុខដល់ខ្លួនឯងខ្លះផង ដែលវិធីការអង្គុយតាំងសមាធិ ឬនៅស្ងៀមៗប្រមាណជា 15 – 20 នាទីគឺជាវិធីមួយទៀតដែលអាចសាកអាគុយថាមពលជីវិត និងសាងភាពស្ងប់ស្ងាត់ទាំងខាងកាយ ឬផ្លូវចិត្តបាន។ ទាំងអស់នេះ ក្នុងអំឡុងពេលដែលលោកអ្នកកំពុងសាងភាពស្ងប់ស្ងាត់ដល់ខ្លួនឯងនោះ សូមសាកល្បងអុជទៀនក្រអូបក្លិនស្រាលៗ ដើម្បីជួយសាងបរិយាកាសឱ្យធូរស្រាល និងបិទភ្នែកចុះយ៉ាងសប្បាយបានកាន់តែខ្លាំងឡើង ធ្វើឱ្យរាងកាយបានចូលដល់ការសម្រាកបានយ៉ាងពេញទំហឹង។

ធ្វើខ្លួនឱ្យសប្បាយ

សាកល្បងរកវិធីកែសម្រួលខ្លួន កែសម្រួលការតុបតែងខ្លួនឱ្យមានអារម្មណ៍ថាសប្បាយឡើង ដើម្បីស្វាគមន៍ការងារថ្មីៗក្នុងឆ្នាំថ្មីខាងមុខនេះ ដោយការរកមើលសម្លៀកបំពាក់ឈុតក្រណាត់កប្បាស់ ឬអាវយឺតសាច់កូតុងមកពាក់ទៅធ្វើការ នឹងធ្វើឱ្យលោកអ្នកមានអារម្មណ៍សប្បាយ ទាន់សម័យ និងរហ័សរហួនបានកាន់តែខ្លាំងឡើង ឬបើលោកអ្នកមានផែនការនឹងទៅជប់លៀងកំសាន្តជាមួយមិត្តភ័ក្តិនៅពេលល្ងាចរបស់ថ្ងៃធ្វើការ ការស្លៀកសម្លៀកបំពាក់ការងារ ឬសម្លៀកបំពាក់ផ្លូវការទៅនោះ ប្រហែលជាមិនសូវជាល្អមើលប៉ុន្មានទេ ដូច្នេះគួររកមើលអាវសាច់ក្រណាត់កូតុងពាក់បែបសប្បាយៗ ពណ៌ស្អាតៗ ពាក់ជាមួយខោខូវប៊យឡូយៗចេញពីផ្ទះទៅល្អជាង។

តែចុងក្រោយនេះ បន្ទាប់ពីត្រឡប់ពីការងារមកដល់ផ្ទះហើយ រឿងដំបូងដែលគួរធ្វើនោះគឺ ការផ្លាស់សម្លៀកបំពាក់ដែលស្លៀកពេញមួយថ្ងៃនោះចេញ ហើយស្លៀកឈុតសប្បាយៗជំនួសវិញ ដើម្បីឱ្យរាងកាយបានសម្រាក និងធូរស្រាលអារម្មណ៍៕

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top