ប្រាកដណាស់ ការជិះកង់នឹងធ្វើឱ្យអ្នកមានសុខភាពល្អ រីករាយ និងមានសេរីភាព ហើយក៏មិនចាំបាច់ឱ្យអ្នកត្រូវចំណាយអ្វីច្រើននោះទេ។ អ្នកអាចរីករាយជាមួយមជ្ឈដ្ឋានខាងក្រៅ និងអាចកម្សាន្ដជាមួយនឹងជីវិតរបស់អ្នកបានយ៉ាងពេញទំហឹង។ ការជិះកងមិនត្រឹមតែជាការធ្វើលំហាត់ប្រាណនោះទេ វាថែមទាំងអាចជួយឱ្យអ្នកធ្វើដំណើរបានយ៉ាងសប្បាយ រក្សារូបរាងកាយឱ្យសមសួន និងជួយដល់បរិស្ថានបានទៀតផង។ ការធាក់កង់គឺជាវិធីដ៏ប្រសើរបំផុត ក្នុងការជួយឱ្យអ្នកមានសុខភាពល្អ ដោយមិនចាំបាច់ត្រូវចំណាយលុយអ្វីទាំងអស់ ក្រៅពីការកម្សាន្តសប្បាយ និងការស្រូបយកខ្យល់អាកាសបរិសុទ្ធ។
គុណសម្បត្តិទាំង ៥យ៉ាង ដែលអ្នកនឹងទទួលបានពីការជិះកង់៖
១) បញ្ចេញជាតិពុលក្នុងរាងកាយ
ជាការហាត់ប្រាណបែប Aerobic Exercise ដែលល្អនោះគឺ ការទាញយកអុកស៊ីហ្សែនទៅដុតបំផ្លាញសារធាតុខ្លាញ់ ដើម្បីកសាងថាមពលក្នុងការបញ្ចេញកម្លាំងរបស់រាងកាយ។ បើនិយាយឱ្យស្រួលយល់គឺ ជាផ្នែកមួយនៅក្នុងជម្រើសហាត់ប្រាណងាយៗ ក្នុងការបញ្ចេញជាតិពុលក្នុងខ្លួន និងជួយសម្រកទម្ងន់បានយ៉ាងល្អ។
២) សម្រួលផ្លូវដង្ហើម
ជាផ្នែកមួយនៃការជួយជំរុញឈាមឱ្យហូរវិលបានយ៉ាងស្រួល ដែលវាបានជួយសម្រួលដល់បេះដូង និងផ្លូវដង្ហើមឱ្យប្រសើរឡើងខ្លាំង។ ឈាមអាចនាំយកអុកស៊ីហ្សែ៊នបញ្ចូនទៅផ្នែកផ្សេងៗនៃរាងកាយបានយ៉ាងច្រើន។ ការហាត់-ប្រាណដោយជិះកង់ ជួយជំរុញដោយការរំលាយអាហារ និងបញ្ចូនកាកសំណល់អាហារមិនល្អចេញពីរាងកាយតាមរយៈដំណើរការបញ្ចេញចោលយ៉ាងស្រួល។
៣) កាត់បន្ថយអារម្មណ៍តានតឹង
តើអ្នកធ្លាប់បានធ្វើសកម្មភាពអ្វីខ្លះ នៅពេលដែលអ្នកកំពុងតែមានអារម្មណ៍ស្មុគស្មាញនោះ? តើអ្នកមានចេញទៅរត់ នៅក្នុងសួនច្បារដែរទេ? តើអ្នកមានបានសម្គាល់ទេថា តើអ្នកអាចរក្សានូវការអនុវត្តទម្លាប់នេះបានប៉ុន្មានដង?ការធាក់កង់គឺជា វិធីងាយៗ ដែលអាចឱ្យអ្នកមានភាពរីករាយនឹងបន្តធ្វើវា ហើយវាក៏ជាអ្នកជួយបន្ធូរនូវអារម្មណ៍តានតឹងរបស់អ្នកបានយ៉ាងល្អផងដែរ។ សុខភាពផ្លូវចិត្តល្អ គឺដើរតួនាទីយ៉ាងសំខាន់នៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក។ ហើយអ្វីដែលជាការប្រសើរនោះគឺ អ្នកគួរកំណត់យកការជិះកង់ ជាផ្នែកមួយនៃទម្លាប់ជាប្រចាំថ្ងៃរបស់អ្នក។
៤) ជួយឱ្យឆាប់គេងលក់ស្រួល
បន្ទាប់ពីធ្វើការងារហើយ ខួរក្បាលរបស់អ្នកត្រូវការសម្រាក ក៏ប៉ុន្ដែសម័យថ្មីនេះ មនុស្សជាច្រើននិយមប្រើប្រាស់ទូរស័ព្ទជាប់ខ្លួនជានិច្ចដោយមិនចាប់អារម្មណ៍ពីផលប៉ះពាល់ដល់សុខភាពនោះទេ។ បញ្ហានេះ ពេលខ្លះអាចធ្វើឱ្យអ្នកគេងមិនលក់ និងមិនងាយគេង ក៏ព្រោះតែខួរក្បាលនៅតែដំណើរការជាប់រហូត គឺរហូតគិតខុសថា ពេលយប់ទៅជាពេលថ្ងៃ ពេលថ្ងៃទៅជាពេលយប់។ នៅពេលធាក់កង់ គឺអ្នកកំពុងតែពង្រឹងសាច់ដុំទាំងអស់របស់អ្នក ប្រព័ន្ធគ្រោងឆ្អឹង ខួរឆ្អឹងខ្នង សន្លាក់ ប្រព័ន្ធឈាមរត់ និងប្រព័ន្ធភាពសាំរបស់អ្នក។ នៅពេលដែលប្រព័ន្ធឈាមរបស់អ្នករត់បានស្រួល និងមានការបញ្ចេញកម្លាំងច្រើនទៀតនោះ ពិតប្រាកដណាស់ វាធ្វើឱ្យអ្នកនឿយហត់បន្ដិចមែន តែវាក៏ហុចផលឱ្យអ្នកឆាប់គេងលក់ស្រួលបានផងដែរ។
៥) ហុចផលល្អចំពោះបរិស្ថាន
យើងដឹងហើយថា ការប្រើយាន្តជំនិះផ្សេងៗទៀត ដូចជា ឡាន ម៉ូតូ រថភ្លើង និងគ្រឿងយន្តផ្សេងៗទៀតគឺ សុទ្ធតែបានបំពុលខ្យល់អាកាស។ ការបំពុលដោយគ្មានសំលេង និងបន្សល់នូវសារជាតិកាបូនជាច្រើនសន្ធឹកនៅក្នុងបរិយាកាសជុំវិញខ្លួនយើង វាបានបំផ្លាញសុខភាពយើងពីមួយថ្ងៃទៅមួយថ្ងៃ។ ការធាក់កង់ គឺមិនបានបន្សល់នូវកាកសំណល់កាបូនអ្វីនោះទេព្រោះកង់មិនចាំបាច់ត្រូវការប្រេងសាំង ហើយវាក៏មិនបានបញ្ចេញនូវឧស្ម័នពុលអ្វីនោះដែរ។ ការកាត់បន្ថយនូវការប្រើគ្រឿងយន្តដែលមានផ្សែង ហើយងាកមកប្រើកង់ជំនួសវិញ គឺអាចជួយកាត់បន្ថយនូវកម្រិតជាតិពុល ដែលនឹងអាចផ្តល់ឱ្យយើងរាល់គ្នានូវខ្យល់ដង្ហើមដ៏បរិសុទ្ធ។ កត្តានេះនឹងជម្រុញឱ្យមានអត្ថប្រយោជន៍ចំពោះមនុស្សជាតិ នៅក្នុងរយៈពេលយូរនាពេលអនាគត ព្រមទាំងមានប្រយោជន៍ដល់សុខភាពជាខ្លាំងថែមទៀតផង៕