«ត្អើក» ជាអាការដែលអាចកើតឡើងចំពោះមនុស្សគ្រប់គ្នា ដែលបណ្ដាលមកពីអាការដែលក្រពះអាហារកើតអាការក្រហាយ ធ្វើឱ្យសរសៃប្រសាទត្រូវជំរុញឱ្យធ្វើការខុសប្រក្រតី ហុចផលឱ្យសន្ទះបាំងខ្យល់ ឬសាច់ដុំដែលឃាំងកណ្ដាលរវាងប្រអប់ទ្រូង និងប្រអប់ពោះមានអាការបង្រួញខ្លួនឡើងរឹងជាចង្វាក់ៗ សាច់ដុំឆ្អឹងជំនីបានទទួលរងការញ័ររញ្ជួយឱ្យកើតការបង្រួញខ្លួនឡើងរឹងក្នុងលក្ខណៈដូចគ្នា។
មូលហេតុរបស់អាការត្អើក មានទាំងខាងសភាពរាងកាយ និងខាងអារម្មណ៍។ ខាងរាងកាយមានដូចជា ផលប៉ះពាល់បន្ទាប់បន្សំពីភាពខុសប្រក្រតីរបស់បំពង់ក និងដើមទ្រូង ដូចជា ឃើញមានដុំសាច់ដុះ ក្រពេញទឹករងៃរីកធំ ឬភាពខុសប្រក្រតីរបស់ប្រអប់ពោះ ដូចជា រលាកសាច់ភ្នាសប្រអប់ពោះ ឬអាការដែលកើតឡើងក្រោយការវះកាត់។ ចំណែកអាការត្អើកបណ្តាលមកពីខាងអារម្មណ៍ មានដូចជា ការភ្ញាក់ផ្អើលឡើងភ្លាមៗ ឬមានបញ្ហាធុញថប់តានតឹងរ៉ាំរ៉ៃជាដើម។
ក្រៅពីនេះ ការទទួលទានភេសជ្ជៈដែលមានហ្គាសច្រើន ដូចជា ស្រាបៀរ ស្រាសូដា ការទទួលទានអាហារច្រើនជ្រុលពេក ទទួលទានអាហាររសជាតិហឹរ ឬប្រៃខ្លាំង និងជក់បារីច្រើនក៏ជាមូលហេតុរបស់អាការត្អើកបានដូចគ្នា។
ជាប្រក្រតីអាការត្អើកនឹងបាត់ទៅវិញជាបណ្ដើរៗនៅពេលដែលពេលវេលាកន្លងផុតទៅបានមួយរយៈ តែបើសិនជាមានអាការត្អើកក្នុងអំឡុងពេលសំខាន់ៗ ដូចជា ស្ថិតក្នុងអំឡុងពេលប្រជុំ សម្ភាសចូលធ្វើការ ឬនៅទីសាធារណៈជាដើមនោះ អ្នកច្រើនតែចង់ឱ្យអាការត្អើកនេះឆាប់បាត់ទៅវិញឱ្យលឿនៗ ដូច្នេះចូរសាកល្បងធ្វើតាមវិធីខាងក្រោមទាំងអស់នេះសាកលមើល៖
- ដកដង្ហើមក្នុងថង់ក្រដាស
- ទំពានំប៉័ងក្រៀម
- បង្អោនខ្លួនទទួលទានទឹកពីមាត់កែវដែលនៅខាងមុខ ឬខាងណាដែលនៅជិតបបូរមាត់
- ក្រេបទឹកពីកែវលឿនៗ ច្រើនក្អឹក
- លេបទឹកកកដែលកិនម៉ដ្ឋ
- ធ្វើឱ្យភ្ញាក់ផ្អើលខ្លាំង ដូចជា ទះខ្នងស្រាលៗមិនឱ្យដឹងខ្លួនភ្លាមៗ
- ច្របាច់ត្រង់សាច់ប៉ោងក្រោមម្រាមមេដៃរបស់ដៃម្ខាងទៀត ឬសង្កត់ម្ដុំស្នាមចង្អូរលើបបូរមាត់
- យកម្រាមដៃញ៉ុករន្ធត្រចៀកប្រមាណជា ២០-៣០នាទី
- ក្រេបទឹកផ្លែក្រូចឆ្មារស្រស់
- អត់ដង្ហើម ហើយរាប់លេខនៅក្នុងចិត្តពី ១ដល់ ១៥
បើធ្វើអស់គ្រប់វិធីហើយ អាការត្អើកនៅតែមិនបាត់ទៀត សូមធ្វើចិត្តឱ្យត្រជាក់ៗ ហើយអង្គុយរង់ចាំមួយស្របក់ អាការត្អើកនឹងល្អប្រសើរឡើងវិញជាបណ្ដើរៗមិនខាន។ តែបើលោកអ្នកមានអាការត្អើកញឹកញាប់ ឬត្អើកខ្លាំងៗរហូតមានអាការឈឺ-ក ឈឺដើមទ្រូង ឬឈឺខ្នងនោះ គួរតែប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យរាងកាយយ៉ាងលម្អិតជាថ្មីម្ដងទៀត៕