ស្ត្រីយើងរមែងតែងតែប្រឈមមុខជាមួយនឹងភាពឈឺចាប់នៅមុនពេល និងក្នុងនៅអំឡុងពេលមករដូវ ហើយមាននារីៗជាច្រើននាក់ណាស់ប្រហែលជាធុញទ្រាន់ជាមួយនឹងអាការឈឺចាប់នាពេលមករដូវម្ដងៗនេះ។ ក្នុងថ្ងៃនេះ Daily Wellness បានពាំនាំនូវវិធីខ្លះៗក្នុងការថែរក្សាសុខភាពនារីដោយខ្លួនឯង ទាំងមុនពេល និងក្នុងអំឡុងពេលមករដូវមកជម្រាបជូនប្រិយមិត្តអ្នកអានទាំងអស់ ដើម្បីជួយបន្ថយភាពឈឺចាប់បានខ្លះ អីចឹងសូមអានទាំងអស់គ្នា ថាតើគួរធ្វើបែបណាខ្លះ?
1/ កំណត់ការទទួលទានអាហារមួយចំនួន
អ្នកគួរកំណត់ការទទួលទានជាតិស្ករ អំបិល ជាតិកាហ្វេអីុន ស្រា និងភេសជ្ជៈមានជាតិអាកុល ហើយបែរមកទទួលទានអាហារដូចជា បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងអាហារដែលមានសារធាតុកាបូនអីុដ្រាតមួយចំនួន ក្រោយពីសម្រាកការងារ ដើម្បីថែរក្សាសុខភាព តែមិនបណ្ដាលខ្លួនឱ្យធាត់នោះទេ។
2/ អាហារដែលសម្បូរដោយសារធាតុដែក
អ្នកគួរទទួលទានអាហារដែលមានសារធាតុដែកឱ្យបានច្រើន ដែលសារធាតុដែកទាំងនោះមាននៅក្នុង ថ្លើមសត្វ ស៊ុតលឿងនិងបន្លែពណ៌បៃតងចាស់-ល- ដើម្បីឱ្យរាងកាយបង្កើតគ្រាប់ឈាមក្រហមថ្មីៗ និងគួរទទួលទានបន្លែ ផ្លែឈើដែលមានវីតាមីន C ច្រើនដូចជា ក្រូចឆ្មារ ក្រូចពោធិ៍សាត់ ត្របែក ខាត់ណា និងប៉េងប៉ោះជាដើម ព្រោះវីតាមីន C នឹងជួយឱ្យរាងកាយស្រូបយកសារធាតុចិញ្ចឹម និងសារធាតុដែកចូលទៅក្នុងរាងកាយបានយ៉ាងល្អប្រសើរ។
3/ បំបាត់ការឈឺចាប់ដោយវិធីធម្មជាតិ
នៅក្នុងអំឡុងពេលមករដូវ ប្រសិនបើអ្នកមានអាការចុកពោះ និងឈឺចាប់ខ្លាំងក៏សូមណែនាំឱ្យឆុងតែឱសថបុរាណងាយៗដូចជា តែ Chamomile ឬប្រភេទតែ Peppermint ដោយឆុងទទួលទានក្ដៅៗ រួចលេបវីតាមីន C កាល់ស្សូម និងថ្នាំ Evening Primrose Oil។ ក្រៅពីនោះ អ្នកគួរតែងូតទឹកក្ដៅឧណ្ហៗ និងស្អំទឹកក្ដៅនៅលើបរិវេណពោះរបស់អ្នក ដើម្បីកាត់បន្ថយអាការឈឺចាប់។
4/ ហាត់ប្រាណ
ការហាត់ប្រាណយ៉ាងថ្មមជារឿយៗ ដើម្បីជំរុញឱ្យរាងកាយមានកម្លាំង និងថាមពល Endorphine ចេញមកក្រៅ ពីព្រោះថាមពលសារធាតុនេះ អាចជួយកាត់បន្ថយការឈឺចាប់របស់រាងកាយបានតាមបែបធម្មជាតិ ដោយជួយឱ្យរាងកាយមានអារម្មណ៍ធូរស្បើយ និងបំបាត់អារម្មណ៍តានតឹងមួយចំនួនដែលជាដើមហេតុបង្កឱ្យកើតមានអាការឈឺចាប់បែបនេះ ដែលជាផ្នែកមួយជួយកាត់បន្ថយការឈឺចាប់នៅមុន និងក្រោយពេលមករដូវ។
នារីៗជាច្រើនដែលមានអាការឈឺចាប់ពេលមករដូវខ្លាំងបំផុត ក៏ត្រូវរកវិធីកាត់បន្ថយការឈឺចាប់បន្ថែមទៀត មិនថាជាការសម្រាកឱ្យបានគ្រប់គ្រាន់ ការស្អំទឹកក្ដៅនៅបរិវេណពោះ និងក្រោមខ្នង ក៏ប៉ុន្ដែនៅពេលដែលការឈឺចាប់មិនបាត់សោះ ក៏គួរតែចេញទៅហាត់ប្រាណបន្ថែមថ្នមៗ ហើយបើនៅតែមិនបាត់ទៀតនោះ ក៏គួរតែលេបថ្នាំបំបាត់ការឈឺចាប់ដូចជា Aspirin, ibuprofen, Naproxen ឬលេបបញ្ចូលគ្នាក៏បានដែរ។ ក្រៅពីនោះ ការប្រើប្រេងកូឡា ឬប្រេងខ្យល់លាបនៅបរិវេណពោះ ក៏អាចជួយបន្ថយអាការឈឺចាប់បានដូចគ្នាដែរ នៅក្នុងអំឡុងពេលមករដូវ ក៏ប៉ុន្ដែត្រូវប្រើតាមការណែនាំរបស់គ្រូពេទ្យទើបត្រឹមត្រូវ។ ទោះបីជាយ៉ាងណាក៏ដោយប្រសិនបើនារីៗយើង ជួបនូវអាការឈឺចាប់ខ្លាំងនោះ អ្នកមិនគួរនៅសម្ងំស្ងៀមនោះទេ គួរតែរូតរះប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់ បើសង្កេតឃើញមានអាការមិនប្រក្រតីណាមួយកើតឡើងគ្រូពេទ្យអាចនឹងពិនិត្យព្យាបាលអ្នកបានភ្លាមៗទាន់ពេលវេលា។
ជាចុងក្រោយ អាហារដែលគួរជៀសវាងទទួលទាននៅក្នុងអំឡុងពេលមករដូវមានដូចជា សាច់ក្រហម ទឹកដោះគោ និងអាហារដែលមានរសជាតិប្រៃ ព្រោះវាមិនបានជួយកាត់បន្ថយអាការឈឺចាប់នៅក្នុងពេលមករដូវរបស់អ្នកនោះទេ ហើយអ្នកគួរតែបែរមកទទួលទានសាច់ត្រីជំនួសវិញ ព្រោះជាតិខ្លាញ់អូមេហ្កា 3 ពីសាច់ត្រី និងត្រីសមុទ្រ អាចជួយកាត់បន្ថយការឈឺចាប់បានមួយចំនួនដែរ៕