You are currently viewing ផលប៉ះពាល់សុខភាពមួយចំនួនបណ្ដាលមកពីការទទួលទានទឹកឃ្មុំជ្រុល
ផលប៉ះពាល់សុខភាពមួយចំនួនបណ្ដាលមកពីការទទួលទានទឹកឃ្មុំជ្រុល

ផលប៉ះពាល់សុខភាពមួយចំនួនបណ្ដាលមកពីការទទួលទានទឹកឃ្មុំជ្រុល

អ្វីៗគ្រប់យ៉ាងតែងតែមានគុណសម្បត្តិ និងគុណវិបត្តរបស់វារៀងៗខ្លួន យ៉ាងណាម៉ិញដូចជាទឹកឃ្មុំ ត្រូវបានគេទទួលស្គាល់ថា គឺជាឱសថពូកែលេខមួយក្នុងការព្យាបាលជំងឺរាប់មុខ ប៉ុន្តែប្រសិនបើអ្នកទទួលច្រើនពេក នឹងបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពទៅវិញ។

នៅក្នុងទឹកឃ្មុំមួយស្លាបព្រាបាយ មានផ្ទុកជាតិ កាបូអ៊ីដ្រាត ៥,៨ក្រោម ហើយកាបូអ៊ីដ្រាតទាំងអស់នេះសុទ្ធតែជាជាតិស្ករ។ បើប្រៀបធៀបបរិមានជាតិស្ករដែលយើងត្រូវការប្រចាំថ្ងៃ គឺជាតិស្ករនៅក្នុងទឹកឃ្មុំមានច្រើនជាង។

ទោះជាយ៉ាងណា បើយោងតាមការស្រាវជ្រាវបានបង្ហាញថា ការទទួលទានទឹកឃ្មុំច្រើនពេក អាចបណ្តោលឲ្យមានផលអវិជ្ជមានដល់រាងកាយមួយចំនួន។

បង្កើនជាតិស្ករក្នុងឈាម

ដោយសារតែទឹកឃ្មុំសម្បូរជាតិ កាបូអ៊ីដ្រាត ដែលអាចបង្កើនជាតិស្ករនៅក្នុងឈាម ប្រសិនបើអ្នកទទួលទានច្រើនពេក។ ចំពោះមនុស្សដែលមានសុខភាពល្អ អាំងស៊ុយលីននឹងជួយកាត់បន្ថយការផលិតជាតិស្ករនៅក្នុងឈាម ក៏ប៉ុន្តែសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម កម្រិតជាតិស្ករក្នុងឈាមនឹងកើនឡើងកាន់តែខ្លាំង។ ហេតុនេះ ទើបអ្នកជំនាញផ្នែកអាហារូបត្ថម្ភ បានដាក់បម្រាម មិនឲ្យអ្នកជំងឺទឹកនោមផ្អែមទទួលទានទឹកឃ្មុំឡើយ។

បង្កឲ្យឈឺធ្មេញ

បើយោងតាមអ្នកជំនាញអាមេរិកបានបង្ហាញថា ទឹកឃ្មុំប្រហែលជា ៨២ភាគរយ មានផ្ទុកជាតិស្ករ ហើយអាចធ្វើឲ្យខូចធ្មេញបានយ៉ាងងាយប្រសិនបើអ្នកញ៉ាំច្រើនពេក។

ថ្វីត្បិតតែទឹកឃ្មុំមានសារធាតុផ្សំសំខាន់ៗពីធម្មជាតិក៏ដោយ ក៏វាអាចប្រែក្លាយបាក់តេរីនៅក្នុងមាត់បង្កទៅជាអាស៊ីត ដែលធ្វើឲ្យធ្មេញខូចលឿន។ ដូច្នេះ ដើម្បីលើកកម្ពស់សុខភាពមាត់ធ្មេញ អ្នកគួរតែកាត់បន្ថយការទទួលទានទឹកឃ្មុំ។

ឡើងទម្ងន់

ទឹកឃ្មុំ មានបរិមាណនៃជាតិ fructose ច្រើន ដែលអាចបង្កឲ្យអ្នកទទួលទានងាយនឹងឡើងទម្ងន់។ ប្រសិនបើអ្នក ទទួលទានច្រើនពេក មិនត្រឹមតែឆាប់ឡើងទម្ងន់ប៉ុណ្ណោះទេ ថែមទាំងផ្តល់ផលវិបាកផ្សេងៗដល់សុខភាពថែមទៀត។

ប៉ះពាល់ដល់មុខងារក្រពះពោះវៀន

ទឹកឃ្មុំអាចបំផ្លាញស្រទាប់នៃក្រពះ បំពងង់អាហារ និងពោះវៀន ដែលនាំឲ្យមុខងារនៃក្រពះពោះវៀនចុះខ្សោយ។ លើសពីនេះទៅទៀត ការទទួលទានច្រើនពេក អាចនាំឲ្យអ្នកកើតជំងឺច្រាលក្រពះពោះវៀន។

ទល់លាមក និងរាគ

ការទល់លាមក ត្រូវបានគេចាត់ទុកថា ជាបញ្ហាសុខភាពដ៏ធ្ងន់ធ្ងរមួយ ដែលកើតឡើងនៅពេលដែលរាងកាយទទួលយកទឹកឃ្មុំច្រើនពេក។ នេះក៏ដោយសារតែកំហាប់នៃជាតិស្ករ fructose ដែលមាននៅក្នុងទឹកឃ្មុំ។ លើសពីនេះទៅទៀត ការទទួលទានទឹកឃ្មុំច្រើនក៏អាចបណ្តោលឲ្យកើតជំងឺរាគរួសផងដែរ ព្រោះក្រពះមិនអាចរំលាយស្ករនៅក្នុងទឹកឃ្មុំអស់ឡើយ។

ធ្វើឲ្យសម្ពាធឈាមធ្លាក់ចុះ

ទឹកឃ្មុំ មានសារធាតុចាំបាច់ជាច្រើន ដែលអាចធ្វើឲ្យសម្ពាធឈាមធ្លាក់ចុះ ប្រសិនបើអ្នកទទួលទានច្រើនពេក។ ដូច្នេះ អ្នកដែលមានបញ្ហាសម្ពាធឈាមទាប មិនគួរទទួលទានច្រើនពេកនោះទេ ឬគួរតែពិគ្រោះជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវមុននឹងប្រើប្រាស់ទឹកឃ្មុំ។

សរុបមកវិញ ដើម្បីទទួលបានសុខភាពល្អ និងជៀសផុតពីបញ្ហាផ្សេងៗដែលកើតមានចំពោះរាងកាយ អ្នកគួរតែទទួលទានទឹកឃ្មុំ ១​ទៅ២ស្លាបព្រាបាយ ក្នុងមួយថ្ងៃគឺគ្រប់គ្រាន់ហើយ៕

Leave a Reply