តើកត្តាអ្វីខ្លះដែលបណ្ដាលឱ្យអ្នកកើតមុនខ្នង?

ការស្រាវជ្រាវបានឱ្យដឹងថា មុនខ្នង ច្រើនតែកើតឡើងលើបុរស និងស្រ្តីដែលឈានចូលដល់វ័យពេញរូបពេញរាង ហើយភាគច្រើនបុរសកើតមុនខ្នងមានសភាពធ្ងន់ធ្ងរជាងស្រ្តី។

ក្នុងករណីអ្នកកើតជម្ងឺមុនខ្នងធ្ងន់ធ្ងរ គឺមុនខ្នងអាចបង្កទៅជាខ្ទុះ ឬប៉ោងរីកធំៗដូចជាបូស នឹងបង្កឱ្យមានការឈឺចាប់។ ប្រសិនបើគ្មានការព្យាបាល និងមិនថែទាំងសុខភាពឱ្យបានល្អទេ មុនខ្នងនឹងបន្តការកើតមានរហូតដល់មនុស្សអាយុ ៤០ ឆ្នាំ។

មុនខ្នង កើតរីករាលដាលត្រង់ស្មា ដៃ ទ្រូង និងគូថ…។ មុនខ្នង អាចមានជាមុនអុជខ្មៅ ឬជាមុនមានគ្រាប់ធំៗ នឹងរីករាលដាលលឿនជាងមុននៅលើផ្ទៃមុខ។

មានកត្តា ៤ យ៉ាងដែលជាមូលហេតុបង្កឱ្យកើតមានមុនខ្នងដូចជា៖

១- កង្វះលំហាត់ប្រាណក្នុងការបញ្ចេញញើស៖ ស្បែកខ្នងសម្បូរទៅដោយក្រពេញញើសដែលអាចផលិតជាតិខ្លាញ់បានច្រើន។ ដូច្នេះ ប្រសិនបើអ្នកកង្វះលំហាត់ប្រាណ ឬពលកម្មបញ្ចេញញើស នោះញើសដែលបញ្ចេញមកមានចំនួនតិចៗ ហើយញើសដែលនៅសេសសល់ក្នុងស្បែកនឹងក្លាយទៅជាកកបណ្ដាលឱ្យស្ទះរន្ធញើស ហើយបន្សល់ទុកនូវបាក់តេរីក្នុងរាងកាយ ជាពិសេសគឺត្រង់បរិវេណស្បែកខ្នង។ បាក់តេរីទាំងអស់នោះ នឹងបំផ្លាញកោសិការស្បែកបណ្ដាលឱ្យកើតមុន ហើយចំពោះអ្នកដែលកើតមុនខ្នងស្រាប់ អាចនឹងរីករាលដាលធ្ងន់ធ្ងរជាមុនថែមទៀតផង។

២- ធុញថប់(ស្ត្រេស)៖ អារម្មណ៍ធុញថប់ខ្លាំងពេក(ស្រ្តេស) បានធ្វើឱ្យអរម៉ូនគ្មានតុល្យភាពហើយមានប្រតិកម្មជាមួយ​អរម៉ូន​អង់ដ្រូសែនបណ្ដាលឱ្យកើតមុនខ្នង។ ដូច្នេះហើយដោយសារតែ បុរស​មានអរម៉ូន​អង់ដ្រូសែន​ច្រើន​ជាងស្រ្តី ទើបបុរសកើតមុនខ្នងច្រើនជាងស្រ្តី។

៣- កង្វះអនាម័យខ្លួនប្រាណ៖ បើអ្នកអនាម័យខ្លួនប្រាណមិនបានស្អាតដូចជា បណ្ដោយឱ្យកខ្វក់ទុំលើស្បែកយូរ មិនសូវងូតទឹកហើយថែមទាំងមិនសូវដុសសាប៊ូ ព្រមទាំងស្លៀកសម្លៀកបំពាក់ប្រឡាក់ ក៏ជាមូលហេតុធ្វើកើតមុនខ្នងផងដែរ។

៤- ទទួលទានអាហារខ្វះជីវជាតិ៖ ការទទួលទានអាហារខ្វះជីវជាតិចំពោះស្បែក ក៏ជាមូលហេតុធ្វើឱ្យកើតមុនខ្នងដែរ ព្រោះជីវជាតិក្នុងអាហារចូលរួមចំណែកក្នុងការទប់ស្កាត់ និងព្យាបាលមុនខ្នង។

៥- ហ្សែន ឬតំណរពូជ៖ អ្នកខ្លះកើតមុនខ្នងដោយសារតែហ្សែនពីគ្រួសារ ឬគ្រួសារធ្លាប់មានប្រវត្តកើតមុនខ្នង ដូចជាឪពុកម្ដាយធ្លាប់កើតមុនខ្នង ដូច្នេះកូនក៏កើតមុនខ្នងដែរ៕

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top