យោងតាមការសិក្សាមួយ ស្តីពី ការគេងមិនលក់បង្ហាញថា ការខ្វះការគេងបណ្តាលឱ្យស្ត្រេស Oxidative ដែលនាំឱ្យស្បែកស្លេកស្លាំងនិងមិនស្រស់បំព្រង។ ក្នុងករណីដែលអ្នកនៅមិនទាន់បានដឹង គឺថាការគេង ជាពេលដែលរាងកាយរបស់អ្នក ជួសជុលការខូចខាតដោយខ្លួនឯង។ នៅពេលអ្នកបានសម្រាកគ្រាប់គ្រាន់ លំហូរឈាមរបស់ស្បែកកើនឡើង ហើយនោះជាពេលដែលស្បែកបង្កើតឡើងវិញ នូវស្រទាប់កូឡាជែន និងជួសជុលខ្លួនវា ពីការខូចខាតបង្កឡើងដោយបរិស្ថាន និងកាំរស្មី UV។
ផ្ទុយទៅវិញ នៅពេលដែលមនុស្សម្នាក់គេងមិនគ្រប់គ្រាន់ ស្បែកមិនមានពេលវេលា ដើម្បីឆ្លងកាត់ដំណើរការទាំងនេះទេ ដែលនាំឱ្យស្បែកខ្មៅស្រអាប់ និងអស់កម្លាំង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន CNA។ ការគេងមិនគ្រប់គ្រាន់ អាចបណ្តាលឱ្យស្បែកឆាប់ចាស់។ ការស្រាវជ្រាវមួយទៀត បានរកឃើញថា ការគេងមិនបានគ្រប់គ្រាន់មួយយប់ អាចបណ្តាលឱ្យមានស្បែកស្លេក ត្របកភ្នែកយារធ្លាក់ រង្វង់ក្រោមភ្នែកខ្មៅ ស្នាមជ្រីវជ្រួញលាតត្រដាងនៅកន្ទុយភ្នែកនិងគែមបបូរមាត់។
ប្រសិនបើអ្នកស្ថិតក្នុងក្រុមមនុស្សដែលមិនសូវបានគេង ហើយសំគាល់ឃើញស្បែកមុខប្រែខុសប្រក្រតី អ្នកគួរតែត្រលប់ទៅមើលប្រវត្តិនៃការគេងរបស់អ្នក។ ជាការពិត មនុស្សមួយចំនួន គេងមិនបានគ្រប់គ្រាន់ ដោយសារតែមានបញ្ហាសុខភាពផ្សេងៗ ប៉ុន្តែមួយចំនួនទៀត ចំណាយពេលសំឡឹងឬអូសចុះឡើង មើលរឿងឥតប្រយោជន៍លើអេក្រង់ទូរស័ព្ទ រហូតចូលគេងជ្រុលម៉ោង ខណៈអ្នកខ្លះទៀត គិតច្រើនពីនេះពីនោះឥតឈប់ឈរ រហូតគេងលែងលក់ ដែលទាំងនេះសុទ្ធតែជាបញ្ហា ដែលអាចកែប្រែបានដោយចាប់ផ្តើមពីខ្លួនអ្នក ព្រោះក្រៅពីជះផលអាក្រក់ដល់សម្រស់ វាក៏ធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកផងដែរ។
ក្រៅពីនោះ អ្នកគួរជ្រើសរើសផលិតផលជួយកែខៃស្បែកមុខរបស់អ្នកឱ្យស្រស់ថ្លាឡើងវិញ។ ដំបូង វាជារឿងសំខាន់ដែលត្រូវទទួលស្គាល់ ពីភាពខុសគ្នារវាងការធ្វើឱ្យស្បែកភ្លឺថ្លា និងធ្វើឱ្យស្បែកស។ ផលិតផល Brightening ត្រូវបានបង្កើតឡើងដើម្បីបង្កើនភាពភ្លឺថ្លា និងភាពរស់រវើកនៃស្បែក ខណៈដែលការធ្វើឱ្យស្បែកស សំដៅលើការកាត់បន្ថយសារធាតុពណ៌។ សម្រាប់អ្នកដែលចង់បានស្បែកភ្លឺថ្លា សូមជ្រើសរើសផលិតផលធ្វើឱ្យស្បែកភ្លឺថ្លាដែលសម្បូរទៅដោយសារធាតុផ្សំដូចជា វីតាមីន C, Niacinamide និង Peptides ដែលត្រូវបានបង្កើតឡើង ដើម្បីជួយបន្ថយស្នាមអុចខ្មៅ ធ្វើឱ្យស្បែកស្រស់ថ្លា និងផ្តល់ពន្លឺដល់ស្បែក៕