បញ្ហាកើតមុន ការពិតទៅគឺជារឿងធម្មតាៗដែលអាចកើតលើមនុស្សគ្រប់រូប តែធម្មជាតិរបស់ស្បែកមុខរបស់មនុស្សយើងខុសប្លែកពីគ្នា ទើបហុចផលដល់ផ្ទៃមុខរបស់មនុស្សម្នាក់ៗមិនដូចគ្នា ធ្វើឱ្យអ្នកខ្លះកើតមុនច្រើន ឯអ្នកខ្លះកើតមុនតិច ដូច្នេះថ្ងៃនេះ Daily Wellness មានមូលហេតុនៃការកើតមុនមកជម្រាបជូនដូចតទៅ។
1/ ពូជអម្បូររបស់បុគ្គលម្នាក់ ធ្វើឱ្យស្បែកខុសប្លែកពីគ្នាទាំងគ្រោងសាងរបស់ស្បែក ការសាងសារធាតុខ្លាញ់ដែលច្រើន ឬតិចជ្រុលពេក សមត្ថភាពក្នុងការជួសជុលស្បែកក្នុងអំឡុងពេលកើតមុន និងការជួសជុលនៅពេលជាពីអាការក្លាយរបស់មុនហើយ។
2/ ចូលចិត្តរញ៉េរញ៉ៃជាមួយផ្ទៃមុខ ដូចជា ចាប់ ប៉ះ អង្អែល កេះ អេះផ្ទៃមុខញឹកញាប់។ កុំភ្លេចថា ដៃរបស់អ្នកបានទៅចាប់ប៉ះអ្វីមកខ្លះក្នុងមួយថ្ងៃៗ បើអ្នកមិនបានលាងដៃ ហើយមកផ្ទៃមុខញឹកញាប់ ក៏អាចបង្កឱ្យកើតការរមាស់ក្រហាយ ឬនាំមេរោគបាក់តេរីមក ធ្វើឱ្យមុនដែលមានស្រាប់កើតការរលាកក្លាយបានទៀតផង។ ការដុសខាត់មុខញឹកញាប់ អាចក្លាយជាមូលហេតុមុនរីករាលដាលបាន ព្រោះពេលដែលយើងដុសខាត់មុខ នោះមានន័យថា អ្នកកំពុងធ្វើឱ្យស្បែកមុខក្រាស់ឡើងដោយមិនដឹងខ្លួន ធ្វើឱ្យរន្ធរោមត្បៀតតូច ជាតិខ្លាញ់ដែលគួរតែចេញមក ក៏ចេញមកមិនបាន (ដុសខាត់មុខបាន តែកុំញឹកញាប់ បើកំពុងកើតមុនក៏កុំដុសខាត់ រង់ចាំឱ្យជាសិនសឹមធ្វើ) ការលុបលាងមុខញឹកញាប់ជ្រុលពេក ឬច្រើនជាង2ដងក្នុងមួយថ្ងៃ នឹងក្លាយជាការជំរុញក្រពេញជាតិខ្លាញ់ឱ្យធ្វើការងារខ្លាំងខុសប្រក្រតី និងទង្វើមួយចំនួនដែលរុកគួនរំខានស្បែកមុខ ដូចជា អ្នកខ្លះចូលចិត្តយកដៃសើយសក់ក្បាល អ្នកខ្លះចូលចិត្តយកដៃច្របាច់ច្រមុះ យកទូរស័ព្ទដាក់ផ្អឹបនឹងថ្ពាល់ពេលសន្ទនា ឬចូលចិត្តអង្គុយយកដៃច្រត់ចង្កា ឬថ្ពាល់ជាប្រចាំជាដើម។
3/ កិច្ចការងារប្រចាំថ្ងៃផ្សេងៗ ដូចជា ការមិនថែសម្អាត ការលុបលាងមុខ ឬគ្រឿងសម្អាងមិនស្អាត ការប្រើប្រាស់ផលិតផលបិទបាំងចំណុចមិនល្អផ្សេងៗលើផ្ទៃមុខ ឬគ្រឿងសម្អាងដែលមានជាតិខ្លាញ់ជាគ្រឿងផ្សំ ការប្រើគ្រីម ឬម្សៅដែលអាចជាដើមហេតុរបស់មុនលើផ្ទៃមុខ ការពាក់មួកសុវត្ថិភាពដោយមិនដែលបោកគក់សម្អាត ការគេងផ្អៀងហើយទឹកមាត់ហៀរចេញមកប្រឡាក់ថ្ពាល់ អាជីពចុងភៅដែលបានទទួលផ្សែងពីសារធាតុពពួកខ្លាញ់ និងប្រេងផ្សេងៗ ជាងម៉ាស៊ីនដែលធ្វើការជាមួយប្រេង និងអ្នកដែលប្រើក្រដាសកាបូនញឹកញាប់ជាដើម។
4/ លាងសម្អាតមុខខុសវិធី កុំគិតដោយខ្លួនឯងថា ត្រឹមតែការប្រើហ្វូមលុបលាងមុខធម្មតានឹងជួយឱ្យស្បែកមុខរបស់អ្នកស្អាតបែបហ្មត់ចត់នោះ ឬទោះជាយកដៃស្ទាបមុខហើយ ក៏មិនមានអារម្មណ៍ថាមានជាតិខ្លាញ់នៅសេសសល់ ឬមានអ្វីនៅជាប់លើស្បែកមុខទៀតឡើយ ព្រោះគ្រឿងសម្អាងដែលអ្នកបំពោកទៅលើផ្ទៃមុខនោះ វាមិនអាចលាងចេញបានដោយសាប៊ូហ្វូមលាងមុខតែម្យ៉ាងនោះទេ ទីបំផុតគ្រឿងសម្អាងទាំងនោះក៏នឹងទៅលាយផ្សំជាមួយសាប៊ូហ្វូមលាងមុខនោះរហូតកើតការញ៉ុកណែនក្នុងរន្ធរោមធ្វើឱ្យមុនផុសឡើង និងរួមទៅដល់អ្នកដែលមិនតុបតែងមុខ លុះមុខមានជាតិខ្លាញ់ឡើងច្រើន ក៏គិតតែពីលាងមុខពេញមួយថ្ងៃ ដែលជំនួសឱ្យការបាត់មុន វាក្លាយជាការជំរុញឱ្យមុនកើតកាន់តែច្រើនឡើងទៅវិញ៕