តើអ្នកកំពុងតែមានអារម្មណ៍ដូចជារមាស់ក កឡើងហើមតិចៗ ហើយព្រមទាំងមានអារម្មណ៍ថាបរិវេណម្តុំនោះដូចជាក្តៅៗមែនដែរទេ? នេះជាសញ្ញានៃជំងឺឈឺកហើយ តែសូមកុំបារម្ភ ហើយក៏កុំភ័យ ខ្លាចអី ដ្បិតថា អ្នកមិនមែនជាមនុស្សតែម្នាក់ដែលជួបប្រទះនឹងរឿងរ៉ាវបែបនេះនោះទេ ព្រោះថាជំងឺឈឺក គឺជាជំងឺមួយដែលអាចកើតឡើងជាប្រចាំទៅហើយសម្រាប់មនុស្សស្ទើរតែគ្រប់គ្នា។ សូមទុកក្តីបារម្ភចោលមួយឡែក កុំអាលប្រញាប់ទៅរកគ្រូពេទ្យអី ហើយងាកមកស្តាប់យោបល់ស្តីអំពីវិធីព្យាបាលដោយខ្លួនឯងដែល Daily Wellness ធ្វើការបង្ហាញជូនបន្តិចសិនទៅមើល៍៖
ទទួលទានទឹកឱ្យបានច្រើន
ជាធម្មតាយើងត្រូវតែទទួលទឹកស្រាប់ទៅហើយ ដូច្នេះមិនចាំបាច់និយាយប្រាប់ក៏ដឹងដែរថា យើងគ្រប់គ្នាត្រូវការទទួលទានទឹក ប៉ុន្តែសម្រាប់ក្នុងអំឡុងពេលដែលអ្នកមានអាការឈឺក ទឹកគឺមានសមាសភាពសំខាន់ជាងពេលណាៗទាំងអស់។ ទឹក8-10កែវ ឬច្រើនជាងនេះក្នុងមួយថ្ងៃ (ទឹកមិនត្រជាក់ជាជម្រើសដ៏ត្រឹមត្រូវបំផុត) នឹងជួយរក្សាជាតិប្រេងក្នុងបំពង់ក ការពារភាពស្ងួត ប្រឆាំងនឹងអាការហើម និងរលាកបំពង់កជាដើម។
គ្រាប់ថ្នាំផ្អែម
ប្រភេទដូចជាស្ករគ្រាប់បៀបរសជាតិផ្អែមលាយប្រហើរ អាចជួយសម្រួលដល់ការឈឺចាប់បានខ្លះ។ គ្រូពេទ្យខ្លះបាននិយាយថា ស្ករអាចជួយកាត់បន្ថយការឈឺចាប់ក្នុងបំពង់ក និងអាការក្អក ប៉ុន្តែសូម ចាំថា គ្រាប់ថ្នាំបៀមដែលមិនមានជាតិស្ករក៏អាចជួយលោកអ្នកបានដែរ ព្រោះថាវាជួយរក្សា និងផ្តល់សំណើមក្នុងបំពង់ក ធ្វើឱ្យការឈឺចាប់ត្រូវបានកាត់បន្ថយ។
ចំហុយ
វិធីសាស្ត្របែបបុរាណ ក្នុងការបំបាត់ជំងឺឈឺកគឺ ការចំហុយ។ អង្គុយនៅពីខាងមុខចានទឹកក្តៅ ហើយគ្របមុខរបស់អ្នកឱ្យជិតដោយ មានបន្ថែមប្រេងខ្យល់1-2ដំណក់ទៅក្នុងទឹកក្តៅផង។ ចំហាយទឹកក្តៅនឹងចូលទៅជួយសម្រួលដល់ការដកដង្ហើម បន្ថយការឈឺចាប់នៅបំពង់ករបស់អ្នកជាមិនខាន។
ទឹកអំបិល
នេះក៏ជាវិធីព្យាបាលតាមបែបបុរាណមួយដែរ។ វិធីងាយៗគឺ ដាក់អំបិល¼ស្លាបព្រាបាយទៅក្នុងទឹកក្តៅឧណ្ហៗមួយកែវ (កាន់តែក្តៅកាន់តែល្អ តែយកត្រឹមកម្រិតដែលអ្នកអាចទទួលយកបាន)។ យកទឹកអំបិលនេះខ្ពុរមាត់ (ខ្ពុរឱ្យដល់បំពង់ក) ឱ្យបាន2-3ដងក្នុងមួយថ្ងៃ។ ទឹកអំបិលនឹងចូលទៅព្យាបាល និងកម្ចាត់មេរោគផ្សេងៗនៅក្នុងបំពង់ករបស់អ្នកយ៉ាងមានប្រសិទ្ធភាព។
ទឹកក្រូចឆ្មារ
ទឹកក្តៅមួយកែវ ទឹកឃ្មុំមួយស្លាបព្រាបាយ និងទឹកក្រូចឆ្មារមួយស្លាបព្រាបាយលាយចូលគ្នា។ ទទួលទានទឹកល្បាយនោះម្តងបន្តិច
យឺត។
សម្រាក
តើការសម្រាកបានជួយអ្វីខ្លះដល់អ្នកមានជំងឺឈឺក? មានច្រើន ណាស់! ខណៈពេលដែលអ្នកសម្រាក រាងកាយរបស់លោកអ្នកនឹងបង្កើនថាមពល ដើម្បីប្រឆាំងការឆ្លងរីករាលដាលទៅកាន់បំពង់ក។ ប្រសិនបើលោកអ្នកបានធ្វើការព្យាបាលតាមការណែនាំខាងលើហើយនោះ សូមកុំភ្លេចសម្រាកឱ្យបានច្រើនផង ដើម្បីជាការបន្ថែមប្រសិទ្ធភាពនៃការព្យាបាលឱ្យកាន់តែប្រសើរឡើងថែមទៀត៕