បើលោកអ្នកកើតមានអាការរមាស់នៅលើស្បែកត្រង់កន្លែងណាមួយ ត្រឹមតែអ្នកយកមើមខ្ទឹមបារាំងពាក់កណ្ដាលផ្លែ (ពុះជា2) មកដុសនៅត្រង់កន្លែងនោះ វានឹងជួយកាត់បន្ថយអាការរមាស់ និងបណ្ដេញជាតិពិសបានភ្លាមតែម្តង។ តើអ្នកធ្លាប់ដឹងទេថា ខ្ទឹមបារាំងមានគុណសម្បត្តិច្រើនយ៉ាងណាស់ ហើយវាមានផ្ទុកនូវសារធាតុម្យ៉ាងដែលមានឈ្មោះថា Quercetin ដែលមានប្រសិទ្ធភាពបន្ថយអាការប្រតិកម្មលើស្បែកដូចជា រមាស់ ក្រហាយ ជាដើមបាន។ មិនតែប៉ុណ្ណោះវាក៏មានផ្ទុកនូវសារធាតុម្យ៉ាងទៀតដែលប្រឆាំងនឹងមេរោគផ្សេងៗ ហើយថែមទាំងជួយសម្រាល អាការតឹងច្រមុះ និងអាការរលាកបំពង់កបានទៀតផង។
បន្ថយអាការរមាស់
អាការរមាស់ដោយសារសត្វល្អិតទិច ខាំ គ្រាន់តែយកសាច់ខ្ទឹមបារាំងមកលាបត្រដុសលើស្បែកត្រង់កន្លែងរមាស់ នោះអាការរមាស់នឹងបាត់ភ្លាមៗតែម្ដង។
បន្ថយអាការតឹងច្រមុះ
គ្រាន់តែបិទភ្នែក(ត្រូវតែបិទភ្នែក ព្រោះក្លិនរបស់ខ្ទឹមបារាំងអាចធ្វើឱ្យលោកអ្នកក្រហាយភ្នែកបាន) ហើយស្រូបយកក្លិនពីមើមខ្ទឹមបារាំង ក៏ជួយឱ្យច្រមុះរបស់អ្នកដកដង្ហើមស្រួល លែងមានអារម្មណ៍តានតឹងពិបាកដកដង្ហើមបានដែរ។
បន្ថយអាការរលាកបំពង់ក
ហាន់មើមខ្ទឹមបារាំងជាចំណិតតូចៗ ហើយស្ងោរជាមួយទឹក 1-2 ពែង រួចពិសានៅអំឡុងពេលថ្ងៃត្រង់ វានឹងជួយព្យាបាលបំពង់កឱ្យស្រឡះស្រួល មិនមានស្លេស្ម៍រំខាន និងកាត់បន្ថយអាការក្អកបានទៀតផង។
ក្រៅពីនេះ សារធាតុមួយចំនួននៅក្នុងមើមខ្ទឹមបារាំងថែមទាំងអាចជួយព្យាបាលអាការលើសឈាមបានទៀតផង។ មើមខ្ទឹមបារាំងអាចចាត់ទុកបានថា ជាអាហារឱសថបុរាណសម្រាប់សុខភាពដ៏ល្អមែនទែន តម្លៃមិនថ្លៃ ថែមទាំងមានគុណប្រយោជន៍ជាច្រើន និងអាចទទួលទានបានរាល់ថ្ងៃទៀតផង៕