ការហាត់ប្រាណនឹងធ្វើឱ្យសុខភាពរឹងមាំឡើងទាំងរាងកាយ ទាំងផ្លូវចិត្ត។ អ្នកដែលហាត់ប្រាណជាប់ជាប្រចាំនឹងយល់ច្បាស់នូវការពិតក្នុងចំណុចនេះយ៉ាងច្បាស់លាស់។ អ្នកខ្លះប្រាប់ថា ការហាត់ប្រាណប្រៀបដូចជាគ្រឿងញៀនម្យ៉ាងអុីចឹង ព្រោះបើបានប្រព្រឹត្តប្រតិបត្តិរហូតក្លាយជាទម្លាប់ប្រចាំហើយនោះ បើមិនបានហាត់ប្រាណមួយថ្ងៃ នឹងមានអារម្មណ៍ថា ដូចជាមិនសូវស្រស់ស្រាយប៉ុន្មានសោះ នេះជាការពិត (ព្រោះរាងកាយមិនបានបញ្ចេញសារថាតុនៃសេចក្តីសុខ «អេនដូហ្វ៊ីន» ចេញមក)។
តែយ៉ាងណាក៏ដោយ ទោះជាការហាត់ប្រាណធ្វើឱ្យមានផលល្អដល់សុខភាពរាងកាយយ៉ាងច្រើនមែន តែក៏មានករណីជាច្រើនដែលយើងគួរតែប្រយ័ត្ន ឬគួរតមការធ្វើលំហាត់ប្រាណជាបណ្តោះអាសន្នដែរ ជាពិសេសក្នុងសភាពណាមួយដូចខាងក្រោមនេះ។
1 . ឈឺថ្កាត់ មិនស្រួលខ្លួន ជាពិសេសបំផុតបើមានគ្រុនក្តៅខ្លួន ឬមានអាការរលាកក្លាយនៅលើផ្នែកណាមួយរបស់រាងកាយ
2 . ក្រោយជាសះស្បើយពីជំងឺថ្មីៗ ដែលរាងកាយនៅទន់ខ្សោយ បើសិនហាត់ប្រាណក្នុងអំឡុងពេលនេះ នឹងធ្វើឱ្យរាងកាយរឹតតែទន់ខ្សោយទៅទៀត។
3 . បន្ទាប់ពីញ៉ាំអាហារហើយភ្លាមៗ ព្រោះនឹងធ្វើឱ្យឈាមនៅក្នុងប្រព័ន្ធឈាមរត់ត្រូវបែងចែកទៅប្រើប្រាស់ក្នុងការរំលាយអាហារ ដូច្នេះឈាមដែលនឹងហូរទៅចិញ្ចឹមសាច់ដុំផ្នែកដែលហាត់ប្រាណនឹងថយចុះ ធ្វើឱ្យសាច់ដុំចុះខ្សោយសមត្ថភាព និងងាយកើតប្រគ្រីវកាច់។
4 . ក្នុងពេលដែលធាតុអាកាសក្តៅ និងហប់ខ្លាំង ព្រោះរាងកាយនឹងបាត់បង់ញើស និងទឹកច្រើនជាងប្រក្រតី ធ្វើឱ្យរាងកាយទន់ខ្សោយ ឆាប់ហត់ ឬអាចខ្យល់គបាត់ស្មារតីក៏មាន (សម្រាប់អ្នកដែលរាងកាយមិនរឹងមាំដូចអ្នកកីឡា)។
អាការដែលបង្ហាញថា គួរបញ្ឈប់ការហាត់ប្រាណ
ក្នុងករណីខ្លះដែលរាងកាយអាចចុះទន់ខ្សោយមួយខណៈពេល ដូចជា ក្រោយពេលកើតអាការរាករូស អត់ងងុយ ការហាត់ប្រាណដែលធ្លាប់តែធ្វើតាមធម្មតានោះ អាចក្លាយទៅជាធ្ងន់ធ្ងរបាន ដូច្នេះបើសិនជាមានអាការដូចខាងក្រោមនេះ ទោះជាតែមួយករណី ឬច្រើនយ៉ាងក៏ដោយ គួរតែឈប់ធ្វើការហាត់ប្រាណភ្លាម ដូចជា ៖
1 . មានអារម្មណ៍ថាហត់ខុសប្រក្រតី
2 . មានអាការញ័របេះដូងខុសប្រក្រតី
3 . មានអាការដកដង្ហើមមិនស្រួល ឬដកដង្ហើមមិនបានពេញលេញ
4 . មានអាករវឹលមុខ
5 . មានអាការក្អួតចង្អោ
6 . មានអាការងងឹតមុខ
7 . ជីពចរលោតញាប់ច្រើនជាង 140 ដងក្នុង 1នាទី (សម្រាប់មនុស្សចាស់) ឬ 160ដងក្នុង 1នាទី(សម្រាប់កម្លោះក្រមុំ)
សូមចាំទុកថា បើមានអាការណាមួយកើតឡើង ត្រូវឈប់ហាត់ប្រាណភ្លាម រួចហើយអង្គុយសម្រាក ឬគេងសម្រាករហូតទាល់តែបាត់ហត់ មិនគួរហាត់ប្រាណបន្តទៀតឡើយ និងត្រូវទៅប្រឹក្សាជាមួយគ្រូពេទ្យ ឬសម្រាកឈប់ហាត់ប្រាណរហូតទាល់តែសភាពរាងកាយរឹងប៉ឹងដូចប្រក្រតីឡើងវិញ៕