ក្រុមអ្នកជំនាញខាងអនាម័យចំណីអាហារអន្តរជាតិ បានធ្វើការណែនាំឱ្យធ្វើការលាងសម្អាតបន្លែ ផ្លែឈើមុននឹងនាំយកទៅធ្វើជាម្ហូបអាហារដោយវិធីបែបងាយៗ និងសន្សំសំចៃគឺ ត្រាំទឹកទុកចោល 10 – 15 នាទី រួចហើយលាងសម្អាតដោយទឹកហូរ (បើកទឹកពីក្បាលចំពួយដើម្បីលាង) រយៈពេល 2 នាទី នឹងជួយកាត់បន្ថយសារធាតុគីមី ដែលនៅជាប់សេសសល់លើបន្លែផ្លែឈើទាំងនោះបានច្រើនដល់ទៅ 92 % ឯណោះ។
ចំណុចណែនាំក្នុងការជ្រើសរើសទិញបន្លែស្រស់ដែលស្អាត និងសុវត្ថិភាព មានដូចតទៅ…
1 . ជ្រើសរើសទិញបន្លែស្រស់ដែលស្អាត គ្មានជាប់ស្នាមកំណកដី ឬស្នាម-សៗរបស់សារធាតុថ្នាំកម្ចាត់សត្វល្អិត ឬក្លិនឈួលខុសប្រក្រតី និងជ្រើសរើសយកបន្លែស្រស់ណាដែលមានស្នាមខាំស៊ីរបស់ដង្កូវ និងសត្វល្អិត។
2 . ជ្រើសរើសញ៉ាំបន្លែ ផ្លែឈើតាមរដូវកាល ដោយសារតែបន្លែផ្លែឈើដែលដាំបានតាមរដូវកាលមានឱកាសរីកលូតលាស់បានល្អជាងក្រៅរដូវកាល ដែលធ្វើឱ្យមិនសូវមានការប្រើសារធាតុគីមី និងជីប៉ុន្មានឡើយ។
3 . ជ្រើសរើសបរិភោគបន្លែដែលដាំក្នុងភូមិ ដូចជា ម្ជុលភ្នំ ស្លឹកព្រិច ស្លឹករងាង ត្រួយរាំង ត្រួយបន្លែផ្អែម ស្លឹកញ ត្រួយកន្ទុំទេស ត្រួយអង្គារដី ឬបន្លែដែលអាចដាំបានដោយខ្លួនឯងងាយ។
4 . មិនបរិភោគតែបន្លែប្រភេទណាមួយជាប្រចាំ តែគួរបរិភោគឱ្យបានច្រើនយ៉ាងផ្លាស់ប្តូរគ្នា ដើម្បីទទួលបានប្រយោជន៍គ្រប់ខាងផ្នែកភោជនាហារ និងចៀសវាងការទទួលសារធាតុពុល។
ទាំងអស់នេះ បើមិនប្រាកដក្នុងចិត្តថា បន្លែស្រស់ និងផ្លែឈើដែលទិញមកបរិភោគនោះមានសុវត្ថិភាពពីសារធាតុគីមីឬក៏អត់នោះ? វិធីលាងសម្អាតយ៉ាងត្រឹមត្រូវបែបងាយៗ និងមានប្រសិទ្ធភាពនោះ គឺការដាក់ត្រាំទឹកទុកចោល 10 – 15 នាទី រួចហើយលាងដោយទឹកហូររយៈពេល 2 នាទីទៀត។ វិធីនេះទទួលបានការអះអាងដោយលទ្ធផលនៃការស្រាវជ្រាវរបស់ក្រុមអ្នកជំនាញខាងសុវត្ថិភាពនៃផលិតផលកសិកម្មថា អាចលាងជម្រះសារធាតុគីមី និងជាតិថ្នាំសម្លាប់សត្វល្អិតដែលនៅសេសល់ជាប់នឹងបន្លែ ផ្លែឈើស្រស់ទាំងនោះបានច្រើនដល់ទៅ 92 % ឯណោះ៕