អញ្ចាញធ្មេញមានអាការឈឺចាប់ ឬឈាមហូរចេញមកក្រៅនៅពេលដែលកំពុងដុសធ្មេញ ឬខាត់សម្អាតធ្មេញ និងមានបញ្ហារឿងក្លិនមាត់គ្រប់ពេលវេលា ដូច្នេះអ្នកគួរតែទៅជួបពិគ្រោះជាមួយទន្ដពេទ្យពោលគឺអាការទាំងអស់នេះ គឺជាសញ្ញាប្រាប់អំពីបញ្ហាប៉ះពាល់ងអាក្រក់បំផុតដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកហើយ។
ទន្ដពេទ្យ ឬអ្នកជំនាញខាងសុខភាពមាត់ធ្មេញអាចផ្ដល់យោបល់ និងផ្តល់ពាក្យណែនាំទាក់ទងទៅនឹងការព្យាបាលសុខភាពមាត់ធ្មេញដើម្បីព្យាបាលឱ្យមានសុខភាពល្អ និងមិនមានអារម្មណ៍ភ័យខ្លាចចំពោះក្លិនមាត់គ្រប់ពេលវេលាជាពិសេសវិធីសាស្រ្តល្អៗនៅអំឡុងពេលដុសធ្មេញ និងខាត់សម្អាតធ្មេញ។
តើធ្វើបែបណាទើបមាត់ធ្មេញ អញ្ចាញ និងអណ្ដាតមានសុខភាពល្អ?
ការព្យាបាលសុខភាពមាត់ និងធ្មេញ ដែលល្អ ជារឿងសំខាន់បំផុតដែលត្រូវគិតគូសម្រាប់ធ្មេញ និងអញ្ចាញធ្មេញរបស់អ្នក ហើយធ្មេញដែលរឹងមាំមិនត្រឹមតែជួយឱ្យអ្នកមើលទៅស្រស់-ស្អាតប៉ុណ្ណោះទេ វាក៏ជួយឱ្យអ្នកទទួលទានអាហារបានងាយស្រួល និងជួយឱ្យអ្នកមានទំនាក់ទំនងសន្ទនាគ្នាបានយ៉ាងមានសេចក្ដីសុខ ដោយមិនភ័យខ្លាច ឬព្រួយបារម្ភថានឹងមានក្លិនមិនល្អភាយចេញមកនោះទេ។ ដូច្នេះហើយទើបបានជាសុខភាពមាត់ធ្មេញល្អ ហុចផលល្អដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នកជាខ្លាំង។
ការថែរក្សាធ្មេញ អញ្ចាញធ្មេញ ជាប្រចាំថ្ងៃ គឺជាការដុសធ្មេញឱ្យត្រឹមត្រូវតាមវិធីណែនាំរបស់ទន្ដពេទ្យ នោះនឹងអាចការពារសុខភាពមាត់ធ្មេញរបស់អ្នកបានយ៉ាងល្អ និងមិនបណ្ដាលឱ្យអ្នកឈឺធ្មេញ ចៀសផុតពីក្ដីកង្វល់នៅក្នុងចិត្តយ៉ាងពិតប្រាកដ។ ដូច្នេះហើយបានជាទន្ដពេទ្យបានណែនាំប្រាប់ប្រិយមិត្ត ទាំងអស់ឱ្យអនុវត្តការសម្អាត និងការរក្សាសុខភាពមាត់ធ្មេញជាប្រចាំថ្ងៃតាមវិធីសាស្ត្រខាងក្រោមនេះ៖
1) ដុសធ្មេញថ្មមៗ មិនសង្កត់ខ្លាំង ដោយសម្អាតគ្រប់កន្លៀតរបស់ធ្មេញ មួយថ្ងៃយ៉ាងហោចណាស់ឱ្យបាន 2ដង និងប្រើសរសៃអំបោះសម្អាតធ្មេញមួយថ្ងៃ មួយដងគឺគ្រប់គ្រាន់ហើយ។
2) ការទទួលទានអាហារដែលមានគុណប្រយោជន៍សម្រាប់ធ្មេញឱ្យបានច្រើន ជាងអាហារដែលបណ្ដាលឱ្យធ្មេញពុកផុយ។
3) ត្រូវប្រើថ្នាំដុសធ្មេញដែលមានការណែនាំពីគ្រូពេទ្យធ្មេញជំនាញ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។
4) ការប្រើប្រាស់ទឹកថ្នាំខ្ពុលមាត់ នៅពេលដែលទន្ដពេទ្យណែនាំឱ្យប្រើតែប៉ុណ្ណោះ កុំប្រើតាមការគិត ឬមិនបានពិគ្រោះជាមួយពេទ្យជំនាញ។
5) ក្មេងក្រោមអាយុ 12ឆ្នាំ ត្រូវឱ្យញ៉ាំទឹកដែលមានសារធាតុផ្ល័រអឺរ៉ៃ និងអាហារសម្បូរដោយជាតិកាល់ស្យូមឱ្យបានច្រើន ដើម្បីជួយឱ្យសុខភាពមាត់ធ្មេញល្អ៕