មនុស្សជាច្រើនតែងតែជួបនឹងបញ្ហា “ហាត់ប្រាណ” មិនទាន់បានប៉ុន្មានផង ក៏ហត់បាត់ទៅហើយ ធ្វើឱ្យអស់អារម្មណ៍លែងចង់ហាត់ប្រាណតទៅទៀតតែម្តង តែថ្ងៃនេះ យើង សូមណែនាំជូនមិត្តអ្នកអានដែលចូលចិត្តការហាត់ប្រាណនូវកំពូលអាហារ 4យ៉ាងដែលនឹងជួយបង្កើនកម្លាំងថាមពលដែលលោកអ្នកបាត់បង់ក្រោយការហាត់ប្រាណ និងជួយឱ្យការធ្វើលំហាត់ប្រាណរបស់លោកអ្នកកាន់តែងាយស្រួលឡើងផង។
1.ទឹកឃ្មុំ
ការសិក្សាស្រាវជ្រាវកាលពីពេលថ្មីៗនេះបានរកឃើញថា អាហារដែលមានចំណែកផ្សំរបស់ហ្វ្រាក់តូស (Fructose) និង គ្លុយខូស (Glucose) នឹងជួយបង្កើនកម្លាំងថាមពលក្នុងការធ្វើកិច្ចការផ្សេងៗបានច្រើនជាងអាហារដែលមានតែ គ្លុយខូស ម្យ៉ាង ហើយប្រាកដណាស់ថា ទឹកឃ្មុំ គឺជាអាហារដែលមានទាំង ហ្វ្រាក់តូស និងគ្លុយខូស ហើយទឹកឃ្មុំនៅមានវីតាមីន រួមទាំងសារធាតុប្រឆាំងអនុមូលឥស្សរ:ដែលល្អចំពោះសុខភាពទៀតផង។
2.ផ្លែប៉ោម
ការទទួលទានផ្លែប៉ោមមួយផ្លែមុនធ្វើលំហាត់ប្រាណ នឹងជួយធ្វើឱ្យលោកអ្នកហាត់ប្រាណបានកាន់តែយូរឡើង ព្រោះផ្លែប៉ោមសម្បូរទៅដោយ “ឃ្វើរ៍ស៊ីទីន” (Quercetin) ដែលជាសារធាតុដែលមានឥទ្ធិពលប្រឆាំងអុកស៊ីដេ-ស្សិនខ្ពស់បំផុត។ លទ្ធផលនៃការសិក្សាស្រាវជ្រាវបានរកឃើញថា ឃ្វើរ៍ស៊ីទីន អាចជួយឱ្យកីឡាករប្រណាំងកង់អាចធាក់កង់បានកាន់តែយូរឡើង ព្រោះ ឃ្វើរ៍ស៊ីទីន នឹងទៅជួយផលិតអុកស៊ីហ្ស៊ែននៅក្នុងសួតឱ្យកើនឡើង ធ្វើឱ្យមានអារម្មណ៍អាចអត់ទ្រាំនឹងការហត់នឿយបានកាន់តែខ្លាំងឡើងទៀត។ ក្រៅពីផ្លែប៉ោមហើយនោះសារធាតុ ឃ្វើរ៍ស៊ីទីន នេះ នៅត្រូវបានគេរកឃើញថា មានច្រើននៅក្នុងផ្លែទំពាំងបាយជូរផងដែរ។
អានបន្ថែម៖ តិចនិចងាយៗក្នុងការសម្រកខ្លាញ់ក្បាលពោះ យ៉ាងមានប្រសិទ្ធភាព និងចំណាយពេលតិចបំផុត
3.ទឹកដោះ
មិនចាំបាច់ត្រូវទទួលទានភេសជ្ជៈសារធាតុរ៉ែ ឬភេសជ្ជៈប៉ូវកម្លាំងអ្វី ដើម្បីបង្កើនថាមពលឡើងវិញ បន្ទាប់ពីហាត់ប្រាណរួចនោះទេ តែចូរទទួលទានទឹកដោះគោធម្មតាទូទៅ ឬទឹកដោះសូកូឡា ដែលប្រកបដោយខាបូហាយដ្រេត និងប្រតេអុីនវិញ ព្រោះវានឹងជួយសម្រួលឱ្យរាងកាយរបស់លោកអ្នកមានតុល្យភាពល្អឡើងវិញក្រោយពេលហាត់ប្រាណរួច។
4.យ៉ាអួ
ការស្រាវជ្រាវថ្មីមួយបានរកឃើញថា “ប្រូបៃអូទិក” (Probiotics) ដែលមាននៅក្នុងយ៉ាអួនឹងជួយធ្វើឱ្យលោកអ្នកមានសុខភាពល្អ ក្រៅពីនេះយ៉ាអួនៅមានខាបូហាយដ្រេត និងប្រូតេអ៊ីនលាយផ្សំគ្នាក្នុងបរិមាណដ៏សមល្មមទៀតផងដូច្នេះហើយទើបយ៉ាអួក្លាយជាកំពូលអាហារក្នុងការស្តារកម្លាំងថាមពលដល់រាងកាយរបស់លោកអ្នកក្រោយពេលហាត់ប្រាណ៕