លទ្ធផលនៃការសិក្សាស្រាវជ្រាវមួយបានរកឃើញថា ក្មេងដែលបានញ៉ាំត្រីយ៉ាងតិចមួយអាទិត្យ ១ដង ឬច្រើនជាងនេះ នឹងធ្វើឱ្យការគេងល្អប្រសើរឡើង ហើយលទ្ធផលសាកល្បងកម្រិតប្រាជ្ញាស្ថិតក្នុងលំដាប់ដែលល្អជាងក្មេងដែលមិនបានញ៉ាំត្រី ឬញ៉ាំតិចជាងមួយសប្ដាហ៍មួយដង។
គេហទំព័រ CNN បាននាំយករបាយការណ៍មួយដែលបានទទួលការបោះពុម្ពផ្សាយនៅក្នុង The Journal Scientific Report ពាក់ព័ន្ធនឹងលទ្ធផលនៃការសិក្សាស្រាវជ្រាវដែលបានបង្ហាញឱ្យឃើញថា អាស៊ីតខ្លាញ់អូមេហ្កា៣ ដែលគេឃើញមាននៅក្នុងសាច់ត្រីជាច្រើនប្រភេទ ដូចជា ត្រីសាល់ម៉ុន ត្រីសារឌីន និងត្រីប្លាធូ មានចំណែកជួយធ្វើឱ្យកម្រិតភាពឆ្លាតវៃ និងការគេងលក់របស់កុមារល្អប្រសើរឡើង។
តាមរយៈការសិក្សាស្រាវជ្រាវទៅលើកុមារជនជាតិចិនច្រើនជាង ៥០០នាក់ដែលមានអាយុអំឡុងពី ៩-១១ឆ្នាំជាមួយនឹងសំណួរថា តើពួកគេញ៉ាំត្រីចំនួនប៉ុន្មានដងក្នុងមួយខែកន្លងមក ជាមួយនឹងចម្លើយឱ្យជ្រើសរើសគឺ “មិនដែលសោះ” និង “យ៉ាងតិចមួយអាទិត្យ ១ដង”។
ក្នុងក្រុមកុមារដែលឆ្លើយថា ញ៉ាំត្រីរៀងរាល់សប្ដាហ៍មានពិន្ទុវាស់ IQ ៤.៨ ខ្ពស់ជាងកុមារដែលឆ្លើយថា មិនញ៉ាំត្រីសោះ ឬញ៉ាំដែរ តែញ៉ាំតិច។ ដោយក្រុមអ្នកស្រាវជ្រាវមិនបានសួរក្មេងៗថា តើត្រីប្រភេទណាដែលពួកគេបានញ៉ាំនោះឡើយ ក្នុងខណៈក្រុមដែលឆ្លើយថា ញ៉ាំត្រីដែរ តែញ៉ាំមិនញឹកញាប់មានពិន្ទុ IQ ៣.៣។
ចំណែកចម្លើយពីក្រុមគ្រួសារក្មេងៗពាក់ព័ន្ធនឹងគុណភាពការគេងវិញ បានរកឃើញថា ក្មេងដែលបានញ៉ាំត្រីជាប្រចាំ ច្រើនមានគុណភាពនៃការគេងល្អប្រសើរជាង ព្រោះគ្មានរឿងមករុកកួនរំខានក្នុងអំឡុងពេលគេងលក់ឡើយ។ ក្នុងចំណុចល្អដែលកើតឡើងនេះ ធ្វើឱ្យក្រុមអ្នកវិភាគណែនាំទៅឪពុកម្ដាយ អ្នកអាណាព្យាបាលឱ្យបន្ថែមសាច់ត្រីចូលទៅក្នុងមុខម្ហូបរបស់កុមារ និងបង្ហាត់ឱ្យកុមារចេះញ៉ាំត្រីតាំងពីអាយុ ២ឆ្នាំឡើងទៅ។
ត្រីជាសត្វដែលមានគុណតម្លៃខាងភោជនាហារខ្ពស់ និងជាអាហារមួយក្នុងចំណោមអាហារដ៏ពេញនិយម ព្រោះនៅក្នុងសាច់ត្រីមានប្រូតេអុីនដែលល្អ និងសម្បូរទៅដោយខ្លាញ់ល្អ ស័ក្តិសមសម្រាប់អ្នកដែលកំពុងស្ថិតក្នុងអំឡុងពេលបញ្ចុះទម្ងន់ ហើយត្រីប្រភេទខ្លះថែមទាំងមានអូមេហ្កា៣ ដែលជាអាស៊ីតខ្លាញ់ល្អដែលជួយបង្កើនសុខភាពបេះដូង និងសរសៃឈាម ដែលគេប្រទះឃើញមានច្រើននៅក្នុងត្រីសាល់-ម៉ុន ជាពិសេសត្រីសាល់ម៉ុនដែលរស់នៅតាមធម្មជាតិនឹងមានវីតាមីន និងសារធាតុរ៉ែខ្ពស់ណាស់៕