ជំងឺលើសឈាម ឬសម្ពាធឈាមលើស ភាគច្រើនតែងកើតមានលើមនុស្សដែលមានវ័យចាប់ពី ៤០ឆ្នាំប្លាយឡើងទៅ ដែលជំងឺប្រភេទនេះ ធ្លាប់បានឆក់យកយកអាយុជីវិតអ្នកជំងឺ និងធ្វើឲ្យអ្នកជំងឺរស់នៅជាមួយពិការភាពមិនតិចនាក់នោះឡើយ។ យ៉ាងណាក៏ដោយ ចំពោះជំងឺដ៏កាចសាហាវមួយនេះគេ ក៏នៅ តែមានវិធីបង្ការឬកាត់បន្ថយភាពប្រឈមផងដែរ ដែលលោកអ្នកអាចស្វែងយល់ជាមួយឡារ៉ែនដូចខាងក្រោមនេះ៖
រោគសញ្ញាៈ
ជំងឺលើសឈាម គឺបណ្តាលមកពីកំណកខ្លាញនៅក្នុងសរសៃឈាមច្រើន ដែលបង្កឱ្យចរន្តឈាមក្នុងរាងកាយមានដំណើរការខុសប្រក្រតី ធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់ខុសពីធម្មតា និងបណ្តាលឱ្យសរសៃឈាមក្នុងខួរក្បាល ស្ទះ ឬដាច់ អាចធ្វើឱ្យមនុស្សស្លាប់ភ្លាមៗ ឬស្លាប់មួយចំហៀងខ្លួន។ ភាគច្រើន អ្នកមានជំងឺលើសឈាម ឬមានសម្ពាធឈាមខ្ពស់ តែងមានរោគសញ្ញាដូចជា រោយកញ្ចឹងក ឧស្សាហ៍ងងឹតមុខ ឬវិលមុខខ្លាំង ហ៊ឹងត្រចៀក ល្ហិតល្ហៃអស់កម្លាំង ឈឺក្បាលនៅពេលយប់ ឬពេលក្រោកពីទទួលទានដំណេកពេលព្រឹកព្រលឹមជាដើម។ ប៉ុន្តែអ្នកជំងឺលើសឈាមខ្លះក៏មិនបានបង្ហាញរោគសញ្ញា ឬប្រតិកម្មអ្វីទាំងអស់ ពោលគឺអ្នកជំងឺមានសភាពធម្មតាក៏មានដែរ។ ចំពោះអ្នកមានជំងឺលើសឈាម បើសិនជាមិនបានព្យាបាលទាន់ពេលវេលាទេ នោះអាការជំងឺអាចនឹងបង្កគ្រោះថ្នាក់កាន់តែខ្ពស់ ឬអាចបណ្ដាលជាជំងឺបេះដូង, ជំងឺតម្រងនោមចុះខ្សោយ និងដាច់សរសៃឈាមក្នុងខួរក្បាល ដែលជាជំងឺពិបាកព្យាបាល និងប្រឈមនឹងការបាត់បង់អាយុជីវិត។
ការថែទាំ និងព្យាបាលៈ
- របបអាហារៈ អ្នកមានជំងឺលើសឈាមគួរកាត់បន្ថយការទទួលទានចំណីអាហារទាំងឡាយយណាដែលសម្បូរទៅដោយសារជាតិស្ករខ្ពស់, ខ្លាញ់ច្រើន ឬប្រៃពេកនោះទេ ព្រោះអាហារទាំងអស់នេះសុទ្ធតែអាចបង្កឱ្យជំងឺលើសឈាមកាន់តែមានសភាពកាន់តែធ្ងន់ធ្ងរ ហើយងាកមកទទួលទានអាហារដែលមានប្រយោជន៍ចំពោះសុខភាព និងមិនបង្កគ្រោះថ្នាក់ដូចជា ប្រភេទបន្លែ និងផ្លែឈើឱ្យបានច្រើនជំនួសវិញទើបល្អប្រសើរ។
- ការរធ្វើលំហាត់ប្រាណៈ ការព្យាយាមធ្វើលំហាត់់ប្រាណឲ្យបានជាប់ជាប្រចាំ ដូចជាការដើរលឿន ឬរត់តិចៗ ក៏ដូចជាសកម្មភាពទាំងឡាយណាដែលអាចបញ្ចេញញើស ជម្រុះជាតិពុលចេញពីរាងកាយប្រមាណជា៣០នាទីក្នុងមួយថ្ងៃជាដើម។ ការព្យាយាមអនុវត្តនូវសកម្មភាពទាំងអស់ខាងលើនេះ វាពិតជាមានសារៈប្រយោជន៍សម្រាប់សុខភាពរាងកាយខ្លាំងណាស់ ក្នុងការជួយដុតបំផ្លាញសារជាតិពុល ជាតិខ្លាញ់អាក្រក់ និងជួយធ្វើឱ្យអ្នកជំងឺអាចរក្សានូវស្ថេរភាពទំងន់បានល្អ ហើយក៏មិនបង្កឱ្យសម្ពាធឈាមឡើងខ្ពស់ផងដែរ។
- ការប្រើឱសថៈ ចំពោះអ្នកមានជំងឺលើសឈាម ក្រៅពីអនុវត្តដូចការណែនាំខាងលើឲ្យបានជាប់ជាប្រចាំ គឺត្រូវតែទទួលទានឱសថឱ្យបានទៀងទាត់ទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ឬអ្នកជំនាញឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះអ្នកជំងឺក៏ត្រូវតែទៅជួបពិគ្រោះ ក៏ដូចជាសុំការប្រឹក្សាយោបល់ជាមួយអ្នកជំនាញរៀងរាល់១ខែម្ដង ឬ៣ខែម្ដង ដើម្បីតាមដានពីអាការៈជំងឺ ហើយចំណុចសំខាន់បំផុត អ្នកជំងឺមិនត្រូវប្រើឱសថដោយគ្មានការណែនាំពីសំណាក់អ្នកជំនាញជាដាច់ខាត។
- បញ្ឈប់ការទទួលទានស្រា និងបារីៈ អ្នកជំងឺ គួរជៀសវាងការជក់បារី ឬទទួលទានគ្រឿងស្រវឹងហួសប្រមាណ ព្រោះសារជាតិពុលដែលមាននៅក្នុងបារីជាច្រើនប្រភេទ និងសារជាតិអាល់កុលនៅក្នុងស្រា គឺជាមូលហេតុដែលធ្វើឱ្យជំងឺលើសឈាមវិវឌ្ឍទៅរកភាពធ្ងន់ធ្ងរ និងពិបាកព្យាបាលបំផុត។ ចំណុចបន្ទាប់បន្សំដែលអ្នកជំងឺគួរតែអនុវត្តផងដែរនោះ គឺត្រូវកាត់បន្ថយនូវភាពតានតឹង មួម៉ៅនៅក្នុងអារម្មណ៍ ហើយក៏មិនត្រូវធ្វើដំណើរតែម្នាក់ឯងនោះដែរ ជៀសវាងនៅពេលអាការជំងឺធ្វើទុក្ខខ្លាំងដូចជា វិលមុខមិនអាចទប់ជំហរបានដួលបោកក្បាល បណ្ដាលឲ្យអាចដាច់សសៃឈាមក្នុងខួរក្បាល, ក្លាយជាជនពិការ, ស្លាប់មួយចំហៀងខ្លួន ឬស្លាប់ភ្លាមៗ ក៏មានដែរ។
វិធីការពារៈ
លោកអ្នកអាចការពារខ្លួន និងចាកចេញពីជំងឺលើសឈាមបាន តាមរយៈការថែទាំសុខភាពឲ្យបានត្រឹមត្រូវ រាប់បញ្ចូលទាំងការព្យាយាមហាត់ប្រាណឲ្យបានយ៉ាងតិច ៣០នាទីក្នុងមួយថ្ងៃ, កាត់បន្ថយការទទួលទានអាហារទាំងឡាយណាដែលសម្បូរជាតិខ្លាញ់ច្រើន, ប្រៃខ្លាំង, ផ្អែមខ្លាំង, ក៏ដូចជាការប្រើឱសថជំនួយសុខភាពបន្ថែមទៅតាមវេជ្ជបញ្ជាផងដែរ។ នៅពេលលោកអ្នកបានអនុវត្តត្រឹមត្រូវទាំង3ចំណុចសំខាន់ៗនេះ នោះបញ្ហាជំងឺលើសឈាមពិតជាគ្មានឱកាសមកបៀតបៀនលើខ្លួនរបស់អ្នកឡើយ៕