You are currently viewing គន្លឹះ ៥យ៉ាង ​ជួយ​បន្ថយ​អាការ​ឈឺធ្មេញ​
គន្លឹះ ៥យ៉ាង ​ជួយ​បន្ថយ​អាការ​ឈឺធ្មេញ​

គន្លឹះ ៥យ៉ាង ​ជួយ​បន្ថយ​អាការ​ឈឺធ្មេញ​

ពេលខ្លះ​អាការ​ឈឺធ្មេញ​ធ្វើឱ្យ​យើង​ខឹង​មួម៉ៅ ឬ​ជួនកាល​ឈឺ​រហូតដល់​ចង់​វិលមុខ ឈឺក្បាល​គិត​អ្វី​មិន​ចេញ​ទៀតផង នៅក្នុង​ស្ថានការណ៍​ដែល​យើង​មិនអាច​ទៅ​ពេទ្យធ្មេញ​បាន​ទាន់ពេលវេលា​នោះ អាច​នឹងត្រូវ​ទ្រាំ​ឈឺ​មួយរយៈ តែយើងមាន​វិធី​បន្ថយ​អាការ​ឈឺធ្មេញ​នេះ​បាន​ដោយ​វិធី ៥យ៉ាងដូច​ខាងក្រោម។

1.កុំ​ទទួលទាន​អាហារ​ដែលនាំឱ្យ​ឈឺធ្មេញ

កាត់បន្ថយ​នូវ​អ្វីដែល​មាន​ផល​ធ្វើឱ្យ​ធ្មេញ​ឈឺ​កាន់តែខ្លាំង​ឡើង ដូចជា ទទួលទាន​របស់​ត្រជាក់​ខ្លាំង (ទឹកកក ការ៉េម), របស់​ក្តៅ​ខ្លាំង (ទឹក​ក្តៅ កាហ្វេ​ក្តៅ និង​អាហារក្តៅៗជាដើម) និង​អាហារ​ដែលមាន​រសជាតិ​ផ្អែម​ខ្លាំង ឬ​ជូរ​ខ្លាំង។

2.កុំ​ធ្វើឱ្យ​ប៉ះទង្គិច​ដល់​ធ្មេញ​ដែល​កំពុង​ឈឺ

កាត់បន្ថយ​ការធ្វើឱ្យ​ប៉ះទង្គិច​ដល់​ធ្មេញ​ដែល​កំពុង​ឈឺ ពីព្រោះ​អាការ​ឈឺធ្មេញ​នឹង​កាន់តែ​កម្រើក​ខ្លាំង​ឡើង បើ​ធ្មេញ​ដែល​ឈឺ​នោះ​ត្រូវបាន​ធ្វើឱ្យ​ប៉ះទង្គិច​ញឹកញាប់ វិធីងាយៗគឺ ទទួលទាន​អាហារ​ណា​ដែល​មិនចាំបាច់​ទំពាខ្លាំងៗ និង​វិធី​មួយទៀត​គឺ ទំពា​នៅ​ធ្មេញ​ម្ខាង​ទៀត។

3.យក​កម្ទេច​អាហារ​ចេញពី​ធ្មេញ

បើ​អា​ការឈឺ​នោះ​បណ្តាលមកពី​មាន​កម្ទេច​អាហារ វិធី​ល្អ​បំផុត​គឺ​ប្រញាប់​យក​កម្ទេច​អាហារ​ទាំងនោះ​ចេញ​ឱ្យបាន​លឿន​បំផុត ដោយ​ការប្រើ​ខ្សែ​សម្អាត​ធ្មេញ (Dental Floss) កុំ​ប្រើ​ឈើចាក់ធ្មេញ។

4.ប្រើ​ទឹក​ក្តៅឧណ្ហៗជា​ជំនួយ

បើ​ធ្មេញ​ពុក​មាន​ប្រហោង សរសៃប្រសាទ​ធ្មេញ​ហើម និង​មាន​ខ្ទុះ​នៅ​ជើងធ្មេញ ហើយ​មើលឃើញ​អាការ​ហើម​ស្ទុ​ល​នៅលើ​ថ្គាម​នោះ ការប្រើ​ទឹក​ក្តៅឧណ្ហៗជួយ​ស្អំ​ពី​ខាងក្រៅ នឹង​ជួយ​ជម្រុញ​ឱ្យ​ការហូរ​ខ្ទុះ​ចេញមក​ខាងក្រៅ​ឆាប់​អស់ ជួយ​ឱ្យ​អាការ​ឈឺធ្មេញ​ឆាប់​បាត់​កាន់តែ​លឿន​ឡើង​ថែម​ទៀតផង។

5.ប្រេង​ធាង​ម្លូ

ប្រេង​ធាង​ម្លូ ជា​ឱសថ​ដែល​ជួយ​កាត់បន្ថយ​អាការ​ឈឺធ្មេញ​បាន ដោយ​យក​សំលី​ជ្រលក់​ប្រេង​ធាង​ម្លូ ហើយ​យក​ញ៉ុ​ក​ចូលក្នុង​ប្រហោង​ធ្មេញ​ដែល​ឈឺ នោះ​ប្រេង​ធាង​ម្លូ​នឹង​បញ្ចេញ​ឫទ្ធិ​ជា​ថ្នាំ​បំបាត់​ការឈឺ​ចាប់បាន​ភ្លាម​តែម្តង។

វិធី​ការដែល​ណែនាំ​ខាងលើនេះ ជា​វិធី​ជួយ

ឱ្យ​អ្នក​បាត់​ខឹង​មួម៉ៅ ដោយសារ​ការឈឺ​ធ្មេញ​ក្នុងករណី​ដែល​មិនអាច​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​បានតែ​ប៉ុណ្ណោះ មិនមែនជា​វិធី​ព្យាបាល​ឡើយ ដូច្នេះ​បើ​អ្នកមាន​ឱកាស​ហើយ គួរតែ​ប្រញាប់​ទៅ​ជួបនឹង​គ្រូពេទ្យ ដើម្បី​ទទួលយក​ការព្យាបាល​ដែល​ត្រឹមត្រូវ​ទើប​ជាការ​ប្រសើរ៕

Leave a Reply