អាការស្បែកកើតកន្ទួលរមាស់ ឬចែងថ្ងៃ គឺបណ្ដាលមកពីក្រពេញបញ្ចេញជាតិខ្លាញ់ត្រូវបានបិតជិត ហើយស្បែកមិនបញ្ចេញញើស ឬរន្ធញើសត្រូវបានបិតជិតមិនបញ្ចេញជាតិពុលចេញមកខាងក្រៅ។

អាការនេះអាចកើតឡើងលើមនុស្សគ្រប់វ័យ នឹងជាពិសេសនោះគឺទារក និងកូនក្មេង។
អាការស្បែកកន្ទួលរមាស់ និងចែងថ្ងៃ វានឹងបាត់ទៅវិញក្នុងរយៈពេលណាមួយ តែទន្ទឹមនឹងនេះដែរ លោកអ្នកត្រូវដឹងថា ហាមយកម្រាមដៃអេះស្បែករមាស់នោះព្រោះវាបង្កឱ្យមេរោគចូលទៅក្នុងស្បែក។ ផ្ទុយទៅវិញ ព្យាយាមស្ថិតនៅក្នុងបរិយាកាសត្រជាក់ ជៀសវាងនៅហាលថ្ងៃ, ស្លៀកសម្លៀកបំពាក់ធូររលុងដើម្បីឱ្យខ្យល់ចេញចូល, ពិសាទឹក និងញ៉ាំផ្លែឈើសម្បូរជាតិទឹកឱ្យបានច្រើនផងដែរ។
ដោយឡែក ប្រសិនបើលោកអ្នកចង់ឱ្យស្បែកដែលកើតរមាស់ និងចែងថ្ងៃ បាត់ទៅវិញក្នុងរយៈពេលខ្លីប្រហែលជាក្រោម ១០ ថ្ងៃ សូមអនុវត្តវិធីងាយៗខាងក្រោមនេះ (លោកអ្នកអាចជ្រើសរើសវិធីណាមួយដែលងាយស្រួលសម្រាប់ខ្លួន) ៖
១- យកសារធាតុរាវថ្លាដែលយកចេញពីប្រទាលកន្ទុយក្រពើមកលាបលើស្បែកដែលមានបញ្ហាជាការស្រេច។
២- ពិសាផ្លែត្រសក់ឱ្យបានច្រើន ឬចិតវាជាចំណិតស្ដើងៗលាបលើបរិវេណស្បែកដែលបានបញ្ហា។
៣- យកស្លឹកស្ដៅមួយក្ដាប់បុកឱ្យម៉ដ្ឋ រួចលាយជាមួយទឹក យកទៅលាបលើស្បែកដែលមានបញ្ហា។
៤- ពិសាឪឡឹកឱ្យបានញឹកញាប់ក្នុងមួយថ្ងៃ ឬយកសាច់ឪឡឹកច្របាច់ឱ្យទក់ដោយយកគ្រាប់ចេញ មកលាបលើស្បែកដែលមានបញ្ហា។
៥- យកដំឡូងឆៅ (ដំឡូងប្រភេទណាក៏បាន) មកចិតស្ដើងៗបិតលើស្បែកដែលរមាស ដោយញីថ្នមៗ។
៦- យកដុំទឹកកកទៅញីលើបរិវេណស្បែករមាស់ ឱ្យបាន ២ ទៅ ៣ដងក្នុងមួយថ្ងៃ ព្រោះវាជួយកាត់បន្ថយអាការៈរមាស់ និងឈឺចាប់។
សូមបញ្ជាក់ថា៖ ក្នុងករណីអាការស្បែករមាស់ និងចែងថ្ងៃកាន់តែធ្ងន់ធ្ងរ សូមទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យឯកទេសខាងស្បែក៕