វីតាមីនទាំង ៧ ប្រភេទនេះពិតជាសំខាន់ខ្លាំងណាស់សម្រាប់ភ្នែក

ភ្នែក ជាសរីរាង្គដ៏សំខាន់មួយ ដែលជួយឱ្យមនុស្សយើងអាចមើលឃើញអ្វីៗគ្រប់យ៉ាងក្នុងសភាពមានពន្លឺ ហើយវាពិតជាត្រូវការវីតាមីន និងសារធាតុចិញ្ចឹមជាច្រើនខុសៗគ្នា ដើម្បីឱ្យមានដំណើរការល្អ និងចៀសវាងបញ្ហាផ្សេងៗដែលកើតឡើងលើភ្នែក ដូចជា ម្ញ៉ូបភ្នែក ងងឹតពណ៌ ខ្វាក់មាន់ និងជំងឺភ្នែកគ្រប់ប្រភេទ។ តើសារធាតុទាំងអស់នោះមានអ្វីខ្លះ? តើវាជួយដល់ភ្នែករបស់អ្នកដោយរបៀបណា?

ខាងក្រោមនេះជាវីតាមីនចម្បងទាំង៧ ដែលភ្នែករបស់អ្នកមិនអាចខ្វះបាន៖

• វីតាមីនA៖ វាដើរតួនាទីសំខាន់បំផុតក្នុងគំហើញភ្នែករបស់អ្នក ដោយរក្សាឱ្យកញ្ចក់ភ្នែក ភ្លឺច្បាស់។ វីតាមីននេះក៏ជាសារធាតុផ្សំនៃ rhodopsin ដែលជាប្រូតេអ៊ីនមួយជួយឱ្យភ្នែករបស់អ្នកអាចមើលឃើញក្នុងលក្ខខណ្ឌ ដែលមិនមានពន្លឺគ្រប់គ្រាន់។ ប្រសិនអ្នកទទួល ទានវីតាមីនAមិនបានគ្រប់គ្រាន់ទេនោះ អ្នកនឹងមានជំងឺខ្វាក់មាន់ (មើលមិនឃើញ ពេលយប់) បំពង់បង្ហូរទឹកភ្នែក និងភ្នែកអាចស្ងួត រហូតដល់ខ្វាក់ភ្នែកជាអចិន្ត្រៃយន៍។

• វីតាមីនE៖ ផលប៉ះពាល់លើភ្នែកភាគច្រើនត្រូវបានជឿថាបណ្តាលមកពីអតុល្យភាពនៃ អង់ទីអុកស៊ីដង់ និងរ៉ាឌីកាល់សេរីក្នុងរាងកាយ។ ជាក់ស្តែង វីតាមីនE ជាប្រភពអង់ទីអ៊ុកស៊ីដង់ជួយការពារកោសិការបស់អ្នក រួមទាំងកោសិកាភ្នែកពីការបំផ្លាញដោយរ៉ាឌីកាល់សេរីដែលជាសារធាតុបង្កគ្រោះថ្នាក់។

• វីតាមីនC៖ មុខងារមិនខុសពីវីតាមីនE ឡើយ វាជាប្រភពនៃអង់ទីអ៊ុកស៊ីដង់ដ៏អស្ចារ្យ ដែលអាចការពារភ្នែករបស់អ្នកប្រឆាំងនឹងការបំផ្លាញពីពពួករ៉ាឌីកាល់សេរី។ ម៉្យាងវិញទៀត វីតាមីនC គឺជាតម្រូវការក្នុងការបង្កើតកូឡាជែន ដែលជាប្រូតេអ៊ីនចាំបាច់ផ្តល់នូវរចនាសម្ព័ន្ធភ្នែក ពិសេសនៅកញ្ចក់ភ្នែក និងភ្នែកពណ៌សនៃភ្នែករបស់អ្នក។

• វីតាមីនB6,B9,B12៖ តាមការស្រាវជ្រាវបានបង្ហាញថា វីតាមីនB ភាគច្រើន ជះឥទ្ធិពលដល់សុខភាពភ្នែក ជាពិសេសវីតាមីនB6, B9 និងB12។ ការរួមបញ្ចូលនៃវីតាមីនទាំងបីនេះ អាចបន្ថយកម្រិតhomocysteine ជាប្រូតេអ៊ីនមួយនៅក្នុងរាងកាយដែលចូលរួមបង្កើតឱ្យមានការរលាក។

• Thiamine ឬវីតាមីនB1៖ វាដើរតួនាទីសំខាន់ក្នុងមុខងារកោសិកា និងបំល្លែងអាហារឱ្យ ទៅជាថាមពល។ បន្ថែមពីនេះ តាមរយៈការសិក្សាគ្លីនិកមួយបានរកឃើញថា ការទទួលទានវីតាមីនB1 ១០០មីលីក្រាម ៣ដងក្នុងមួយថ្ងៃអាចបន្ថយកម្រិត អាល់ប៊ុយមីនក្នុងទឹកនោមបាន។

• Riboflavin ឬវីតាមីនB2៖ វីតាមីនBមួយផ្សេងទៀតនោះគឺវីតាមីនB2 មាននាទីជាអង់ទីអ៊ុកស៊ីដង់ មានប្រសិទ្ធភាពបន្ថយរ៉ាឌីកាល់សេរីក្នុងរាងកាយ ក៏ដូចជាភ្នែករបស់អ្នក។ តាមការសិក្សាមួយចំនួនបានលើកឡើងថា កង្វះនូវវីតាមីB2នេះ អ្នកអាចប្រឈមនឹងការកើតជំងឺបាយភ្នែកគួរឱ្យកត់សម្គាល់។

• Niacin ឬវីតាមីនB3៖ មុខងារចម្បងរបស់វីតាមីនB3ក្នុងរាងកាយ គឺជួយបំល្លែងអាហារ ឱ្យទៅជាថាមពល និងអាចដើរតួជាអង់ទីអ៊ុកស៊ីដង់ថែមទៀតផង។ ក្នុងពេលថ្មីៗនេះ មានការសិក្សាមួយបានលើកឡើងថា កង្វះនូវវីតាមីនB3ក្នុងរបបអាហារអាចបង្កើនការ វិវឌ្ឍទៅជាជំងឺទឹកដក់ក្នុងភ្នែក។

ទោះជាយ៉ាងណាក៏ដោយ ការទទួលទានមានតុល្យភាពសម្បូរដោយ ផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ ប្រូតេអ៊ីន នឹងផ្តល់នូវអាហារគ្រប់គ្រាន់ដល់ភ្នែករបស់អ្នក និងរាងកាយរបស់អ្នកទាំងមូល៕

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top